អ្នកជំនួញវ័យក្មេង Bross Ton Super Car យកកំពូលរថយន្តប្រណីតៗ ៥គ្រឿង ចូលរួមមហាព្រឹត្តិការណ៍ជួបជុំរថយន្តធំបំផុតនៅកម្ពុជា Gumball 3000

កម្សាន្ត

ដើម្បីជាការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា និងត្រៀមទៅបំបែកកំណត់ត្រាពិភពលោកហ្គីណេសនៅទឹកដីអង្គរ ហើយជាពិសេសចូលរួមធ្វើសប្បុរសធម៌ឧបត្ថម្ភទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប អ្នកជំនួញវ័យក្មេងពោរទៅពេញដោយទេព្យកោសលក្នុងវិស័យអចលនទ្រព្យ និងរថយន្ត Bross Ton Super Car នាថ្ងៃទី១៥ ខែកញ្ញានេះ បាននាំយកប្រភេទរថយន្ត Hypercar, Supercar, Sports Car សុទ្ធតែប្រណីតៗ តម្លៃកប់ក្តោងសរុបចំនួន ៥គ្រឿង ចូលរួមបើកបរ និងអបអរសាទរក្នុងមហាព្រឹត្តិការណ៍ជួបជុំដង្ហែរក្បួនរថយន្តធំបំផុតមិនធ្លាប់មាននៅកម្ពុជា Gumball 3000 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលរថយន្តប្រណីតៗទាំង ៥គ្រឿងរបស់លោក Bross Ton Super Car នាំមកចូលរួម កម្សាន្តសប្បាយជាមួយហ្វេនៗ នៅបរិវេណសួនបុទុមវតី និងវិមានឯករាជ រាជធានីភ្នំពេញ រួមមាន៖ រថយន្ត Ferrari រថយន្ត Lamborghini រថយន្ត Rolls Royce រថយន្ត Porsche និងរថយន្ត Jeep នេះបើតាមការបញ្ជាក់របស់ Bross Ton Super Car បានប្រាប់មកកាន់ Oknha News ។

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ Gumball 3000 ជាកម្មវិធីប្រមូលផ្ដុំដោយរថយន្តទំនើបៗប្រមាណជា ១៥០ គ្រឿងដែលបើកបរដោយបុគ្គលល្បីៗមានឥទ្ធិពលមកពីជាង ៥០ ប្រទេសចម្រុះជាតិសាសន៍ ដែលមានអ្នកចូលរួមសុទ្ធសឹងជា មហាសេដ្ឋី អតីតកីឡាករ កីឡាការិនី តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម Youtuber ខ្មែរ និងអន្តរជាតិ រួមទាំងបុគ្គលល្បីៗជា ច្រើនទៀត មកពីជុំវិញពិភពលោក។ កម្មវិធីលំដាប់ពិភពលោកនេះ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៅសួនវត្តបទុមវតី នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤ និងបន្តទៅខេត្តសៀមរាបនៅថ្ងៃទី ១៦-១៧ ខែកញ្ញាឆ្នាំ ២០២៤ ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និង ត្រៀមបំបែកកំណត់ត្រាពិភពលោកហ្គីណេស។ ទន្ទឹមគ្នានេះ ថវិកាទាំងអស់ដែលទទួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា នឹងត្រូវ យកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទាំងអស់៕