អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងដឹកនាំក្រុមសិល្បករខ្មែរ ចូលរួមគាំទ្រដល់មហោស្រពអាហារមេគង្គ អបអរដល់ទេពកោសល្យជំនាញធ្វើម្ហូបនៅតំបន់មេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។
នៅក្នុងឱកាសនៃការចូលរួមនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំក្រុមសិល្បៈបុរាណ ទៅសម្តែងក្នុងកម្មវិធីរាត្រីសមោសរ «White Hats Gala Dinner» ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរដល់អ្នកចូលរួមផងដែរ។ បន្ថែមពីនោះទៀត អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងចូលរួមកៀរគរថវិកាគាំទ្រដល់កម្មវិធីនេះ ដើម្បីប្រមូលថវិកាជួយដល់ការងារសប្បុរសធម៌នៅកម្ពុជា។
សូមជម្រាបជូនថា មហោស្រពអាហារមេគង្គ នឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញជូនដោយសាលាបដិសណ្ឋារកិច្ចដ៏ល្បីចំនួនប្រាំមកពីតំបន់មេគង្គ (កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម) នឹងចូលរួមបង្ហាញពីចុងភៅវ័យក្មេងបីនាក់ ក្នុងសាលានីមួយៗ បង្ហាញទេពកោសល្យជំនាញម្ហូបអាហាររបស់ពួកគេជាមួយគ្រឿងផ្សំដ៏សម្បូរបែប និងចម្រុះដែលមានដើមកំណើតនៅទន្លេមេគង្គ។
សូមគូសបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីសប្បុរសធម៌ Gala Dinner នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម៕