ក្រុមហ៊ុនកៅស៊ូមួយ នៅខេត្តត្បូងឃ្មុំ កំពុងប្រមូលទិញជ័រកៅស៊ូទឹកពីសហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តរបស់ខ្លួន ដើម្បីផលិតជាកៅស៊ូដុំ នាំចេញទៅអឺរ៉ុប

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតក្នុងឃុំទ្រមូង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បានកំពុងអនុវត្តន៍គម្រោងប្រមូលទិញជ័រកៅស៊ូទឹក (Latex) ពីសហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីផលិតជាកៅស៊ូដុំប្រភេទ TSR ដើម្បីកែច្នៃបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។

ក្រសួងកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនចម្ការមេមត់ កំពុងអនុវត្តគម្រោងប្រមូលទិញជ័រកៅស៊ូទឹក (Latex) ពីសហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីផលិតជាកៅស៊ូដុំប្រភេទ TSR នាំចេញទៅអឺរ៉ុប។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពក្នុងការប្រមូលទិញជ័រចានពីសហគមន៍បន្ថែមទៀត សម្រាប់ផលិត CSR 10 សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផលិតសំបកកង់យានយន្តក្នុងស្រុក។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិកាក្រសួងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យសហគមន៍បន្តលក់ជ័រឱ្យក្រុមហ៊ុនបានកាន់តែច្រើន ពង្រឹងគុណភាពអនាម័យប្រមូលជ័រឱ្យបានស្អាត និងថែរក្សាដើមកៅស៊ូអោយចៀរជ័រយកផលឱ្យបានយូរឆ្នាំ។ លើសពីនេះ លោកក៏បានឱ្យអគ្គនាយកដ្ឋានកៅស៊ូសហការជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់សិក្សាបន្ថែមម៉ូដែលនៃការប្រមូលទិញជ័រពីសហគមន៍កៅស៊ូគ្រួសារ ដើម្បីរៀបចំយន្តការសម្រាប់អនុវត្តនៅតាមបណ្តាក្រុមហ៊ុនដទៃទៀត និងស្វែងយល់បន្ថែមអំពីការរៀបចំយន្តការឆ្លើយតបទៅនឹងបទប្បញ្ញត្តិ EUDR នាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងបទប្បញ្ញត្តិ EUDR ក្រុមហ៊ុនចម្ការមេមត់ ក៏កំពុងសហការជាមួយក្រុមហ៊ុនឯកជនរៀបចំស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដែលទទួលស្គាល់ដោយសហគមន៍អឺរ៉ុប ដែលនឹងទទួលបាននៅក្នុងខែវិច្និកាឆ្នាំនេះ ក្រុមហ៊ុនក៏មានផែនការបញ្ចូលសហគមន៍កៅស៊ូគ្រួសារទៅក្នុងសំណើ EUDR ដើម្បីទទួលបានអត្ថប្រយោជន៍ផងដែរ។

សូមជម្រាបជូនផងដែរថា រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤០ម៉ឺនហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១។ ក្នុងនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផលសម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស៕