ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងនេះ មានរថយន្តកំពូលៗ និងប្រណីតៗជាច្រើនបានបង្ហាញខ្លួន នៅទីក្រុងភ្នំពេញ ក៏ដូចជានៅទឹកដីអង្គរ ក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងមហាព្រឹត្តិការណ៍ Gumball 3000។
ហើយអ្វីដែលកាន់តែពិសេសនោះ គឺគេសង្កេតឃើញរថយន្តកំពូល Rolls Royce Cullinan មួយគ្រឿង ដែលបំពាក់នូវស្លាកលេខពិសេសមានលេខតែមួយខ្ទង់គត់របស់ប្រទេសអារ៉ាប់រួម ក៏បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ផងដែរ។
គួរឲ្យដឹងថាស្លាកលេខដែលមានលេខតែមួយខ្ទង់ គឺលេខ១ ត្រូវបានដាក់ដេញថ្លៃ និងលក់ចេញក្នុងតម្លៃប្រហែល ១៤លានដុល្លារ កាលពីឆ្នាំ២០០៨ និងជាប់ឈ្មោះជាស្លាកលេខមានតម្លៃថ្លៃបំផុតលើលោកទី២ ថែមទៀត។
រថយន្តប្រភេទ SUV លំដាប់កំពូលពាក់ស្លាកលេខពិសេសនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ Mohammed bin Abdullah Al Thani ឬស្គាល់ថា Moe Al Thani ដែលជាសមាជិកនៃខ្សែរាជវង្សទីក្រុង Sharjah របស់ប្រទេសអារ៉ាប់រួម ខណ:រថយន្តទំនើបនេះមានតម្លៃដល់ទៅ ៦,៤លានដុល្លារអាមេរិក។
ព្រះអង្គម្ចាស់ Moe Al Thani ត្រូវបានគេស្គាល់ថាជាអ្នកស្រលាញ់ខាងកីឡា និងរថយន្តខ្លាំងបំផុតមួយ ខណ:ព្រះអង្គក៏ជាអ្នកនិយមចូលចិត្តប្រមូលទុករថយន្តដ៏ធំមួយរបស់ពិភពលោកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Moe Al Thani ក៏ជាសហគ្រិនដ៏ល្បីល្បាញ និងជាវាគ្មិនសាធារណៈមួយរូប ដែលតែងតែនិយាយលើកទឹកចិត្តដល់មនុស្សជាច្រើន ជាពិសេសទ្រង់ជាអ្នកដឹកនាំដ៏លេចធ្លោវ័យក្មេងម្នាក់ នៅក្នុងតំបន់ឈូងសមុទ្រ ដោយផ្តោតលើវិស័យសុខភាព បដិសណ្ឋារកិច្ច និងទេសចរណ៍ជាដើម៕