កំពូលតារាចម្រៀង៣រូប រួមមានលោក ខាន់ ជេមស៍, លោក វង្ស តារារតនា និងលោក ហ៊ួន សំអុល បានរួមគ្នាច្រៀងនូវចម្រៀងមួយបទចំណងជើងថា «គុណម្លប់តេជោ» ដែលជាស្នាដៃនិពន្ធដោយលោក សួន ពិសិដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធបងប្អូនកម្មករ ដែលបានពលីក្នុងឧបទ្ទវហេតុរលំអគារ នៅក្រុងព្រះសីហនុ។
បទចម្រៀងនេះត្រូវបានផលិតដោយសមាគមសិល្បករខ្មែរ, និពន្ធទំនុកច្រៀងដោយ មាស បូព៌ា និង សួន ពិសិដ្ឋ និងនិពន្ធបទភ្លេង, មេឡូឌីថ្មី ដោយកវីល្បីឈ្មោះ សួន ពិសិដ្ឋ ចំណែកផលិតករ គឺ ហេង ឡុង និង សួន ពិសិដ្ឋ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ២៨នាក់បានស្លាប់បាត់បង់ជីវិតនិង២៦នាក់បានរងរបួសធ្ងន់ស្រាល។
សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់ ថ្ងៃទី២៣ ខែមិថុនាដើម្បីចុះដឹកនាំប្រតិបត្តិការរើគំនរអគារជួយជនរងគ្រោះរហូតបញ្ចប់នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៕