រដ្ឋាភិបាលរបស់ប្រទេសថៃ គ្រោងនឹងបង្កើនការខ្ចីបំណុលចំនួន ៨% បន្ថែមទៀតដល់ប្រហែល ២,៦ទ្រីលានបាត (៧៨,២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
បើតាមប្រភពដែលដឹងពីផែនការនេះ បានបង្ហាញឲ្ដដឹងថាក្នុងចំណោមកម្ចីសរុប ក្នុងនោះមានជាង ១ទ្រីលានបាតនឹងជាប្រាក់កម្ចីថ្មី ខណ: ១,៥៣ទ្រីលានបាតផ្សេងទៀតនឹងជាបំណុលបន្ត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏គ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងចំនួនប្រហែល ១,២៥ទ្រីលានបាត និងចំនួន ៥២០ពាន់លានបាតនៃវិក័យប័ត្ររតនាគារ ក្នុងឆ្នាំសារពើពន្ធ ២០២៥ ផងដែរ។
ជម្រាបជូនផងដែរថា ជុំវិញផែនការបង្កើនកម្ចីនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី គឺលោកស្រី Paetongtarn Shinawatra បានដាក់ចេញនូវគោលនយោបាយជាច្រើន រួមទាំងគម្រោងចែកលុយឌីជីថលរបស់ខ្លួន ដើម្បីផ្តល់កំណើនសេដ្ឋកិច្ច៕