អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចាប់ផ្តើមបោះពុម្ពសៀវភៅនិយាយពីជីវិតតស៊ូផ្ទាល់ខ្លួន ចេញលក់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បាន​ប្រកាស​បោះពុម្ព​សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា​អចលនទ្រព្យ» ដែលនិយាយ​ពី​ជីវិត​តស៊ូ​របស់​ខ្លួន ចេញ​លក់​ជាផ្លូវការ​ហើយ ក្នុងតម្លៃ​មួយក្បាល​ត្រឹម ៥០ដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបណ្ឌិត បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញ យ៉ាងដូច្នេះថា៖ “សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលមាន ២៣២ ទំព័រ ចាប់ផ្តើម​បោះពុម្ពលក់ហើយ”។

តាមការបញ្ជាក់​នាពេលកន្លងមក អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ធ្លាប់​បាន​ឱ្យដឹងថា សៀវភៅ​មួយ​ក្បាល​នេះ​ជា​ការ​ឆ្លៀត​ពេល​ខិតខំ​សរសេរ​ពី​បទពិសោធន៍​ជីវិត​របស់​លោក ហើយ​លោក​ធ្វើ​ឡើង​​មិនមែន​ដើម្បី​ប្រាក់​ចំណេញ​​នោះ​ទេ តែ​ដើម្បី​​ចែក​រំលែក​ឱ្យ​សាធារណៈជន​​​បាន​សិក្សា​ស្វែង​យល់​ជា​ប្រយោជន៍។

អ្នកឧកញ៉ាបណ្ឌិត ក៏ធ្លាប់បានបញ្ជាក់​ផងដែរថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបាន​សម្រិត​សម្រាំង​នេះ គឺផ្អែក​ទាំង​ស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេល​ដ៏មមាញឹកពី​ការធ្វើជំនួញ​សរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍ សម្រាប់យុវជន​ជំនាន់​ក្រោយឈ្វេង​យល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេស​ដើម្បី​លើកកម្ពស់​ការអាន​នៅ​ក្នុងប្រទេស​កម្ពុជា​ផងដែរ។

សូម​ជម្រាប​ថា សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានកម្រាស់​ជាង ២៣០​ទំព័រ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់​គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ៕