ខ្មែរ ប៊ែវើរីជីស ជាសហគ្រាសខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ – អាស៊ាន ឆ្នាំ ២០២៤

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរ តែមួយគត់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅអាស៊ាន ដែល ទទួលបាន ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ ASEAN-OSHNET Excellence Award» ពីកម្មវិធី ពានរង្វាន់ បណ្ដាញសុវត្ថិភាព និងសុខុមាលភាព ការងារអាស៊ានឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានពានរង្វាន់ថ្នាក់តំបន់មួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង ដ៏មោះមុត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អំពីការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាព ការងារ សម្រាប់កម្មករ និយោជិតគ្រប់ជាន់ថ្នាក់ និងបង្ហាញពីមោទកភាព ដ៏អស្ចារ្យមួយទៀត ក្នុងនាមជាក្រុមហ៊ុនខ្មែរ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជា ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ការអនុវត្ត ស្ដង់ដារសុវត្ថិភាព គឺជាកិច្ចការអាទិភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បី ធានាបានថា គ្រប់អតិថិជនទាំងអស់ ទទួលបាន នូវ ផលិតផល ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ ទន្ទឹមគ្នានេះ កម្មករនិយោជិតទាំងអស់ ទទួលបានការមើលថែយ៉ាងកក់ក្ដៅ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រុមហ៊ុន ទាំងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្ត នាអំឡុងពេលធ្វើការ និងពេលត្រឡប់ទៅដល់ផ្ទះវិញ។ ដូច្នេះហើយ ទើបធ្វើឲ្យបុគ្គលិក ទាំងអស់តែងតែចាត់ទុក កន្លែងការងារដូចជា ផ្ទះទី២របស់ខ្លួន។

អ្នកឧកញ៉ា បន្ថែមថា ចំពោះការទទួលបានពានរង្វាន់បណ្ដាញសុវត្ថិភាព និងសុខុមាលភាព ការងារ អាស៊ាន ឆ្នាំ២០២៤នេះ គឺជាកម្លាំងជំរុញទឹកចិត្តដ៏ខ្លាំងក្លា ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីអភិវឌ្ឍ ស្ដង់ដារ សុវត្ថិភាព នៅក្នុងក្រុមហ៊ុនឲ្យកាន់តែប្រសើរឡើងថែមទៀត។  

ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ត្រូវបានផ្ដួចផ្ដើម និងរៀបចំឡើង ដោយក្រសួងការងារនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណង គាំទ្រ ដល់ ឧត្តមភាព និងការអនុវត្ត ល្អបំផុត របស់ សហគ្រាសក្នុងការលើកកម្ពស់ សុវត្ថិភាព និងស្ដង់ដារ សុខុមាលភាព នៅកន្លែងធ្វើការងារ ហើយនេះ គឺជាលើកទី៥ហើយ ដែលកម្មវិធី ត្រូវបានរៀបចំ ឡើង ។

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ដែរថា ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន តំណាងឲ្យតម្លៃរួម ការប្តេជ្ញាចិត្ត និងអំពាវនាវ ឲ្យមានសកម្មភាពបន្ដ ឆ្ពោះទៅរក ស្ដង់ដារសុវត្ថិភាព និងសុខុមាលភាពខ្ពស់បំផុត នៅកន្លែងធ្វើការងារ នៅអាស៊ាន។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេមួយ ដែលបាន វិនិយោគ រាប់លានដុល្លារ ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មរោងចក្រ លំដាប់ពិភពលោក តាមរយៈការប្រើប្រាស់ ម៉ាស៊ីន និងបច្ចេកវិទ្យាស្ដង់ដារខ្ពស់ ទំនើបចុងក្រោយ ដើម្បីផលិតបាននូវផលិតផល «Made in Cambodia»ដ៏ល្អបំផុត ។ មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក ក្រុមហ៊ុន ដែលវិនិយោគដោយ វិនិយោគិនខ្មែរ១០០%នេះ ក៏បានទទួលវិញ្ញាប័នបត្រ និងពានរង្វាន់ជាច្រើនទៀតដូចជា ISO 14001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងគុណភាព, World-Class Operations Management ជាពានរង្វាន់គ្រប់គ្រង ច្រវាក់ផលិតកម្មលំដាប់ ពិភពលោក ព្រមទាំងមេដាយមាស Monde Selection ចំនួន ៣៧គ្រឿងច្រើនជាងគេនៅកម្ពុជា បញ្ជាក់ពីការវាយតម្លៃគុណភាពផលិតផល៕