ប្រទេសកម្ពុជា នឹងត្រៀមរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូកាសា ប្រទេសជប៉ុន ខណៈកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះផងដែរ។
នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Takeshi INOUE អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃសហព័ន្ធសេដ្ឋកិច្ច Kansai (KANKEIREN) លើការងារជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា និងការត្រៀមរបស់កម្ពុជាក្នុងការត្រៀមរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោក Takeshi INOUE បានសម្តែងការអបអរចំពោះការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងជាពិសេសក្នុងចំណោមប្រទេសដំបូងដែលបានទទួលយកកូនសោរ ដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះ។
ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានសម្តែងនូវការពេញចិត្តចំពោះផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយនិងស្វាយចន្ទី ព្រមទាងបានបង្ហាញនូវភាពរីករាយក្នុងការសហការលើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាមកកាន់ប្រទេសជប៉ុនផងដែរ។
ជាការឆ្លើយតប លោក សំហេង បូរ៉ា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីសំណាក់ភាគីជប៉ុន និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសការបង្កើតបណ្តាញដៃគូពាណិជ្ជកម្មក្នុងការនាំចេញនូវផលិតផលសក្តានុពលកម្ពុជាទៅក្នុងប្រទេសជប៉ុន។
សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។បច្ចុប្បន្ន សំណង់ពន្លាជាតិកម្ពុជា បានសាងសង់ហើយ១០០%ហើយ នៅទីតាំងលេខ BS3 ក្នុងការដ្ឋានពិព័រណ៍ពិភពលោកឆ្នាំ២០២៥ ទីក្រុងអូសាកា ដើម្បីត្រៀមលក្ខណៈការរៀបចំតម្លើង រចនា និងតុបតែងឱ្យបានត្រូវនឹងខ្នាតបច្ចេកទេសជាក់ស្តែងនៃសំណង់អគារពន្លាជាតិ៕