នាពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាមានមហាសេដ្ឋីជាច្រើន រួមទាំង Mukesh Ambani ដែលត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតនៅក្នុងតំបន់អាស៊ី ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១១៦ពាន់លានដុល្លារ។
តែទោះជាយ៉ាងណាក៏ដោយ បរិមាណនេះហាក់មានចំនួនតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តប្រទេសឥណ្ឌា ។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន DNA India បានបង្ហាញឲ្យដឹងថាស្តេច Mughal Emperor Akbar គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តឥណ្ឌា និងពិភពលោក។ ស្តេច Akbar ដែលគ្រប់គ្រងប្រទេសឥណ្ឌាចន្លោះពីឆ្នាំ១៥៤២ ដល់ឆ្នាំ១៦០៥ ត្រូវគេនិយាយថាបានគ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលវាត្រូវបានចាត់ទុកថាជាចំនួនដែលមិនអាចគណនាបាន។
ទន្ទឹមនឹងនេះ តាមការស្រាវជ្រាវក្នុងសម័យទំនើបដែលទទួលបានពីប្រភពដូចជា Aberdeen Asia និង Money បានឲ្យដឹងថាចក្រភពរបស់ស្តេច Akbar បានគ្រប់គ្រងប្រហែល ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក អំឡុងរជ្ជកាលរបស់ទ្រង់។ កម្រិតនៃទ្រព្យសម្បត្តិនេះភាគច្រើនត្រូវបានគេយកទៅប្រៀបធៀបទៅនឹងទ្រព្យសម្បត្តិរបស់រាជាធិបតេយ្យរបស់ចក្រភពអង់គ្លេស ក្នុងកំឡុងសម័យ Elizabethan ដែលត្រូវបានគេចាត់ទុកថាជាសម័យកាលដ៏រុងរឿងបំផុត។
ជម្រាបជូនផងដែរថា បើតាមការកែតម្រូវសម្រាប់អតិផរណា ការប៉ាន់ប្រមាណមួយចំនួនបានបង្ហាញថាទ្រព្យសម្បត្តិរបស់ស្តេច Akbar បើគិតក្នុងពេលសព្វថ្ងៃនេះ អាចមានលើសពី ២១ទ្រីលានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ប្រវត្តិវិទូភាគច្រើនយល់ស្របថាទ្រព្យសម្បត្តិពិតរបស់ស្តេច Akbar នៅតែហួសពីការគណនាច្បាស់លាស់ ដោយសារទំហំដ៏ច្រើនមហាសាលនៃទ្រព្យសម្បត្តិរបស់អាណាចក្រព្រះមហាក្សត្រអង្គនេះ៕