ថៃ ខាតបង់សេដ្ឋកិច្ចជាង ៨០០លានដុល្លារ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) រាយការណ៍ឲ្យដឹងថា គ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ មានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៨០ឆ្នាំចុងក្រោយ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសរហូតដល់ ២៧ពាន់លានបាត ឬប្រហែល ៨១១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kriengkrai Thiennukul ​ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានប៉ាន់ប្រមាណថា គ្រោះទឹកជំនន់នេះ បានបណ្តាលឲ្យមានការខូចខាតដល់សេដ្ឋកិច្ច និងសហគ្រិននៅក្នុងតំបន់ ចន្លោះពី ២៥ ទៅ ២៧ពាន់លានបាត ខណ:ក្រុមហ៊ុនចំនួន ៦០ ដែលជាសមាជិករបស់ FTI នៅខេត្តឈៀងរ៉ៃ ក៏បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រួមទាំងផ្តល់ការខូចខាតដល់រោងចក្រ ម៉ាស៊ីន រថយន្ត និងសម្ភារៈការិយាល័យ ផងដែរ។

លោក Kriengkrai បានបន្ថែមឲ្យដឹងទៀតថា FTI ប្រចាំនៅខេត្តឈៀងរ៉ៃ ត្រូវបានបញ្ជាឲ្យវាយតម្លៃលើការខូតខាតដោយសារគ្រោះទឹកជំនន់ ដើម្បីចាត់វិធានការទូទាត់សងថ្លៃខូតខាត ដែលអាចចាប់ផ្តើមនៅសប្តាហ៍នេះ។

ទន្ទឹមនឹងនេះ សមាជិករបស់ FTI ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ ត្រូវបានស្នើសុំឲ្យបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ចំពេលមានវិបត្តិទឹកជំនន់។

លោក Kriengkrai ក៏បានបញ្ជាក់ផងដែរថា សហព័ន្ធបានរៀបចំវិធានការបន្ទាន់ ដើម្បីស្តារអាជីវកម្មឡើងវិញ សម្រាប់សមាជិករបស់ខ្លួនដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ៕