លោក Jared Isaacman បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារដំបូងគេ ដែលមានបទពិសោធន៍ដើរផ្ទាល់ៗលើលំហទីអវកាស តាមរយៈបេសកកម្មរបស់ក្រុមហ៊ុន SpaceX ប្រកបដោយភាពជាគជ័យ និងផ្លែផ្កា ក្រោមបេសកកម្មមានឈ្មោះថា Polaris Dawn ខណៈព្រឹត្តិការណ៍នេះបានទាក់ទាញនូវចំណាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះតែមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ មិនមែនជាអ្នកជំនាញក្នុងនាមជាអវកាសយាននិកនោះទេ តែអាចបញ្ជាយានរបស់ខ្លួនបានយ៉ាងជោគជ័យ។
សារព័ត៌មានធំៗជាច្រើនបានចុះផ្សាយថា បេសកកម្ម Polaris Dawn គឺត្រូវបានបាញ់បង្ហោះយានចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋ Florida កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដល់ចម្ងាយឆ្ងាយបំផុតរបស់ខ្លួនចំនួន ១ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី ដោយគោលដៅរបស់បេសកកម្មគឺដើម្បីសាកល្បងបច្ចេកវិទ្យារបស់ក្រុមហ៊ុន SpaceX ហើយមួយវិញទៀតគឺចង់សិក្សាលើរបៀបដែលយានអវកាស Crew Dragon និងឧបករណ៍របស់យាន គ្រប់គ្រងវិទ្យុសកម្មយ៉ាងដូចម្តេច នៅពេលស្ថិតនៅក្នុងខ្សែក្រវ៉ាត់វិទ្យុសកម្ម។
ក្នុងបេសកកម្មនេះ មហាសេដ្ឋី Jared Isaacman បានធ្វើដំណើរជាមួយនឹងនាវិកបីរូបផ្សេងទៀតរួមមាន លោកស្រី Sarah Gillis លោកស្រី Anna Menon និងលោក Scott Poteet ដែលសុទ្ធសឹងតែមិនមែនជាអវកាសយានិកអាជីពនោះទេ។ យ៉ាងណាថ្វីបើលោក លោក Isaacman និងលោក Poteet មិនមែនជាអវកាសយានិកអាជីពក៏ពិតមែន ប៉ុន្តែលោកសុទ្ធតែជាអ្នកមានបទពិសោធន៍ចេះបើកយន្តហោះចម្បាំងស្រាប់ ហើយលោកស្រី Menon និងលោកស្រី Gillis មានបទពិសោធន៍ច្រើនឆ្នាំ លើការរៀចំបេសកកម្មរបស់អវកាស។
គួរឲ្យដឹងផងដែរ តាមរយៈទស្សនាវដ្តី Forbes បានចុះផ្សាយថា លោក Jared Isaacman គឺជាមហាសេដ្ឋីមួយរូប មានទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារ ខណៈចំណូលដ៏ធំបំផុតរបស់លោក ត្រូវបានគេទម្លាយឲ្យដឹងថាមានប្រភពមកពីក្រុមហ៊ុនទូទាត់សាច់ប្រាក់ Shift4 ៕