អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស យល់ឃើញថា រាល់ការចែករំលែកបទពិសោធន៍ ផ្តល់ការអប់រំ ផ្តល់អនុសាសន៍ដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ គឺអាចនឹងផ្តល់អនាគតដល់ពួកគេ ដល់ក្រុមគ្រួសារ ហើយក៏ជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ឆ្លងកាត់បទពិសោធន៍ជីវិតការងារ និងភាពជាអ្នកដឹកនាំជាច្រើនឆ្នាំ ក្នុងវិស័យដឹកជញ្ជូន និងរីស៊ត អ្នកឧកញ៉ា សួរ វីរៈ តែងតែចែករំលែកចំណេះដឹង និងទស្សនៈសំខាន់ៗជាហូរហែដល់បុគ្គលិកក្រោមឱវាទ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ ខែកញ្ញា អ្នកឧកញ៉ា បានលើកឡើងថា៖ “រាល់ការចែករំលែកបទពិសោធន៍ ផ្តល់ការអប់រំ ផ្តល់អនុសាសន៍ ដល់បុគ្គលិកគ្រប់ផ្នែក បើទោះបីវាមិនបានការផ្តល់ផល់ប្រយោជន៍ ការតបស្នងត្រលប់មកក្រុមហ៊ុនវិញក៏ដោយ តែវាជាកេរ្តិ៍តំណែលដែលអាចផ្តល់អនាគតដល់គាត់ ក្រុមគ្រួសារគាត់ពេញមួយជីវិត ហើយក៏ជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ! #វប្បធម៌ចែករំលែក”។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស គឺជាអ្នកជំនួញវ័យក្មេង ដែលតែងចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍដល់ប្រទេសជាតិ។ អ្នកឧកញ៉ាអគ្គនាយក និងគ្រួសារក្រុមហ៊ុន វិរៈប៊ុនថាំ តែងតែចូលរួមជួយបរិច្ចាគថវិកាក្នុងកម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជា ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ការជួយឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផា និងការជួយដល់សាលារៀនជាច្រើនកន្លែងផងដែរ៕