ឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia កាលពីថ្ងៃទី១៨ ខែកញ្ញា បានដឹកនាំបុគ្គលិកក្រុមហ៊ុននិងសាធារណជនប្រមាណជិត ១០០០នាក់ ធ្វើការបរិច្ចាគឈាម សម្រាប់ជួយដល់បងប្អូនដែលខ្វះខាតឈាម ក្នុងឱកាសសម្ពោធហាង និងការិយាល័យថ្មី នៅផ្លូវ២០០៤ រាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធហាង KOI សាខាផ្លូវ២០០៤ និងអគារការិយាល័យ Borvor លោកឧកញ៉ា ឃន ឈុនដារ៉ា បានលើកឡើងលើបណ្តាញសង្គមថា៖ “ជាក់ស្តែងនៅថ្ងៃនេះ ខ្ញុំមិនបានពាក់ខោអាវធំទេ គឺពាក់ជាមួយនឹងអៀម។ អត្ថន័យដែលខ្ញុំមាននៅក្នុងចិត្តជាមួយនឹងការប្រើប្រាស់អៀមនេះ ពីមុនខ្ញុំពាក់អៀមដើម្បីធ្វើតែឆ្ងាញ់ជូនអតិថិជន ប៉ុន្តែថ្ងៃនេះខ្ញុំពាក់អៀមដើម្បីបរិច្ចាគឈាមជូនសាធារណជន”។
លោកឧកញ៉ា បានបន្ថែមថា ការធ្វើកម្មវិធីបរិច្ចាគឈាមនេះ គឺដើម្បីជួយដោះស្រាយបញ្ហាកង្វះខាតឈាមនៅទូទាំងប្រទេស ហើយលោកគិតថានៅកម្ពុជាមានអ្នកចង់ចូលរួមបរិច្ចាគឈាមច្រើន ប៉ុន្តែកង្វះខាតព័ត៌មាន និងមានភាពលំបាកក្នុងការស្វែងរកទីតាំង ឬមធ្យោបាយទៅបរិច្ចាគឈាម។ លោកឧកញ៉ាបន្តថា កម្មវិធីបរិច្ចាគឈាមនេះ ជាការជួយផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងបន្ថែមស៊ីជម្រៅជាងមុន ហើយថ្ងៃនេះជាក់ស្តែង គឺជាថ្ងៃបើកសម្ពោធ KOI សាខាផ្លូវ២០០៤ ដូច្នេះទើបលោកគិតថាចង់រកអ្វីមួយដែលមានអត្ថន័យជ្រៅ ទើបយល់ថា ការបរិច្ចាគឈាមជាកម្មវិធីមួយដ៏មានសារសំខាន់ដល់សង្គម ពិសេសជួយសង្គ្រោះជីវិតមនុស្សបានថែមទៀត។
សូមជម្រាបថា តាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ការបរិច្ចាគឈាម មិនត្រឹមតែជួយដល់មនុស្សទេ តែទទួលបានអត្ថប្រយោជន៍ទៅដល់សុខភាពខ្លួនឯងទៀត ដូចជា៖ កាត់បន្ថយឱកាសកើតជម្ងឺមហារីក កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកូលេស្តេរ៉ុល ភាពតានតឹង ទទួលបានអារម្មណ៍ល្អ កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងមានមោទនភាពថាបានរួមចំណែកជាមួយការងារសង្គមជាតិ៕