មកដឹងពីតម្លៃផ្សាយពាណិជ្ជកម្មនៅលើអគារល្បីៗ ផ្សាយម្ដងចាយលុយខ្ទង់ម៉ឺនដុល្លារ

អន្តរជាតិ

បើនិយាយពីតំបន់ផ្សាយពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតរបស់ពិភពលោក អ្នកអាចនឹងនឹកឃើញមុនគេទៅដល់តំបន់ Times Square នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកមិនខាន ដោយបណ្តុំទៅដោយផ្ទាំងប៉ាណូ (Billboard) ធំៗ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ច្រើន ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជុំវិញតំបន់ផ្សព្វផ្សាយពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតបែបនេះ តើអ្នកដឹងទេថានឹងត្រូវចំណាយ​​ប៉ុន្មាន​ដើម្បី​អាចដាក់ពាណិជ្ជកម្មលើ​ផ្ទាំង Billboard នៅតំបន់ Times Square បាន?

ជាធម្មតាតម្លៃផ្ទាំងប៉ាណូនៅ Times Square វាអាស្រ័យទៅលើកក្តាជាច្រើន រួមទាំងទម្រង់នៃការផ្សព្វផ្សាយដែលអ្នកចង់បាន រយ:ពេលនៃការផ្សព្វផ្សាយ និងសំឡេងជាដើម។ ក្នុងការផ្សព្វផ្សាយលើផ្ទាំងប៉ាណូមួយអាចមានតម្លៃចាប់ពី ៥ពាន់ដុល្លារ រហូតដល់ជាង ៥ម៉ឺនដុល្លារ សម្រាប់រយ:ពេលត្រឹម ១ថ្ងៃប៉ុណ្ណោះ។ ហើយជាធម្មតា ចំនួននៃការចំណាយអប្បបរមាដែលតម្រូវឲ្យធ្វើការផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់ Times Square គឺមានរយ:ពេលខ្លីប៉ុណ្ណោះ អាចពី ១ទៅដល់៣ថ្ងៃ នៅក្នុងតម្លៃចន្លោះពី ៥ពាន់ដុល្លារទៅដល់ ២៥ ០០០ដុល្លារ។

ទន្ទឹមនឹងនេះ Burj Khalifa ដែលជាអគារមានកម្ពស់ខ្ពស់បំផុតលើពិភពលោក មានទីតាំងនៅចំកណ្តាលទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ត្រូវបានគេចាត់ទុកថាជាកន្លែងសម្រាប់ធ្វើអាជីវកម្ម និងបម្រើដល់ការផ្សាយពាណិជ្ជកម្មធំៗ ដើម្បីបង្ហាញផលិតផល និងសេវាកម្មផ្សេងៗ។

យ៉ាងណាមិញ សម្រាប់តម្លៃនៃការផ្សាយពាណិជ្ជកម្មនៅអគារ Burj Khalifa គឺមិនមែនមានតម្លៃទាបនោះឡើយ ដោយការចំណាយអាចប្រែប្រួលអាស្រ័យលើរយៈពេលនៃការផ្សាយពាណិជ្ជកម្ម ទំហំ និងទីតាំង និងពេលវេលានៃឆ្នាំផងដែរ។ ជាធម្មតា ក្នុងការផ្សាយពាណិជ្ជកម្មមួយ អាចមានអត្រាតម្លៃចាប់ពី ២៥០ ០០០ដុល្លារឡើង សម្រាប់ផ្នែកតូចមួយនៅលើអគារ និងតម្លៃដល់ទៅ ១,៣លានដុល្លារ សម្រាប់ការផ្សាយពាណិជ្ជកម្មកម្រិតធំ ពោលគឺនៅលើតួអគារទាំងមូលចាប់ពីជាន់ក្រោម រហូតដល់ជាន់លើគេបង្អស់៕