ទើបប្រកាសពីទូរស័ព្ទម៉ូដែលចុងក្រោយ iPhone 16 ថ្មីថ្មោង ក្រុមហ៊ុន Apple ចាប់ផ្ដើមលក់ទូរស័ព្ទសេរីនេះ បញ្ចុះតម្លៃយ៉ាងសម្បើមនៅលើទីផ្សារស្រុកចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
តម្លៃទូរស័ព្ទ iPhone 16 Plus ដែលលក់នៅលើផ្លេតហ្វម PDD បានបញ្ចុះតម្លៃ ១០% ពីតម្លើម ៩ ៩៩៩យ៉ន់ មកនៅត្រឹម ៨ ៩៩៩ យ៉ន់ ឬប្រហែល ១២៧០ដុល្លារ ស្របពេលទូរស័ព្ទម៉ូដែល iPhone 16 ក៏លក់បញ្ចុះតម្លៃ ១១% ថែមទៀត។
មូលហេតុដែលក្រុមហ៊ុន Apple ចាប់ផ្ដើមដាក់យុទ្ធសាស្ត្របញ្ចុះតម្លៃ លើប្រភេទទូរស័ព្ទម៉ូដែលចុងក្រោយរបស់ខ្លួន គឺដោយសារសន្ទុះនៃការលក់ទូរស័ព្ទនេះ មានទាបជាងឆ្នាំមុនៗជាខ្លាំង ពោលការបញ្ជាទិញទូរស័ព្ទ iPhone 16 មានតិចជាង iPhone 15 ដល់ទៅ ១២% ឯណោះ។
សូមជម្រាបដែរថា ចិនគឺជាទីផ្សារធំបំផុតមួយរបស់ក្រុមហ៊ុន Apple ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ស្ថិតិលក់ទូរស័ព្ទនៅទីនោះ ហាក់ជួបប្រទះភាពរាំងស្ទះ ជាពិសេសគឺគូប្រជែងក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei ដែលទើបបញ្ចេញនូវទូរស័ព្ទ បត់បាន ៣តង់ដំបូងបង្អស់លើលោក និងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុក៕