ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចុះពិនិត្យទីតាំងសាងសង់អគារស្នាក់ការថ្មីរបស់សមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងដែលកំពុងដំណើរការសាងសង់អគារស្នាក់ការថ្មីរបស់សមាគមសិល្បករខ្មែរ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ ក្នុងចំណោមកិច្ចការអទិភាពជាច្រើន លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បានយកចិត្តទុកយ៉ាងខ្លាំង ​លើការរៀបចំឱ្យមានទីកន្លែងសមរម្យ​ក្នុងការបំពេញការងារ​ជូនដល់​ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់សមាគមសិល្បករខ្មែរ ជាពិសេសបង្កលក្ខណៈងាយស្រួលជូន​ដល់សិល្បករ-សិល្បការិនី ដែលមានតម្រូវការសេវានានារបស់សមាគម។

តាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា កន្លងមក សមាគមបានរៀបចំទីស្នាក់ការបណ្ដោះអាសន្ន​យ៉ាង​សមរម្យបំផុត សម្រាប់ជាទីកន្លែងផ្ដល់សេវានានា​ជូនដល់បងប្អូនសិល្បករទូទៅរួចហើយ។ ដោយឡែកអគារ​ស្នាក់ការ​ថ្មី នឹងត្រូវបានសាងសង់រៀបចំរួចរាល់ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​នាពេលឆាប់ៗ​ខាងមុខនេះ។

សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់​តម្លៃសីលធម៌​សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈ​ការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។ សមាគមក៏បាន​រកៀរគរ​សប្បុរស​ជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរក​ធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ៕