សភាពាណិជ្ជកម្មអឺរ៉ុប ប្ដេជ្ញាជួយជំរុញ និងទាក់ទាញវិនិយោគិនអឺរ៉ុបមកកាន់កម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត។ការលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ លោកក៏កោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ ប្រធានសភាពាណិជ្ជកម្មរូបនេះ បានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជាបន្ថែមទៀត។

ទន្ទឹមគ្នានេះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងសហភាពអឺរ៉ុប ដែលបានរួមចំណែកក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីក៏ជម្រាប់ពីយន្តការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម នៅតាមក្រសួង-ស្ថាប័នរបស់កម្ពុជា សំដៅបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពក្នុងការផ្តល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត ដល់វិស័យឯកជន។

តាមជំនួបខាងលើនេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងវិស័យសក្តានុពលមួយចំនួន នៅកម្ពុជា មានជាអាទិ៍៖ ការដឹកជញ្ជូន និងឡូជីស្ទីក ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងទេសចរណ៍ផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ ទទួលបានគម្រោងវិនិយោគចំនួន២៨៧ កើនជាងឆ្នាំមុនចំនួន១២៣គម្រោង ដែលស្មើនឹង៧៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកឯទុនវិនិយោគវិញបានឡើងដល់៤,៧៨៤លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងកំណើនទុនវិនិយោគនៅកម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា កម្ពុជានៅតែស្វាគមន៍ការវិនិយោគពីបណ្តារប្រទេសទាំងក្នុងតំបន់ និងពិភពលោក ពិសេសវិនិយោគិនមកពីសហភាពអ៉ឺរ៉ុបបន្ថែមទៀត៕ អត្ថបទ៖ រង្សី