ក្រុមហ៊ុនលក់រាយខ្នាតយក្សនៅអាមេរិក Target បានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញាថា ពួកគេនឹងចាត់តាំងលោក Jim Lee ថ្នាក់ដឹកនាំប្រចាំនៅក្រុមហ៊ុន PepsiCo មកកាន់តួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ខែកញ្ញាតទៅ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Target សម្រេចចិត្តតែងតាំងលោក Lee មកកាន់តួនាទីជាក្បាលម៉ាស៊ីនក្រុមហ៊ុនបែបនេះ គឺដោយសារមើលឃើញពីបទពិសោធន៍ ជាង ២៥ឆ្នាំ នៅលើវិស័យហិរញ្ញវត្ថុ យុទ្ធសាស្ត្រ និងធុរកិច្ចរបស់គាត់។
ចំពោះកាតព្វកិច្ចនៅកន្លែងថ្មីវិញ លោក Lee នឹងមើលការខុសត្រូវទាំងស្រុង លើការរៀបចំ និងវិភាគកញ្ចប់ហិរញ្ញវត្ថុ ដែលត្រូវចំណាយ សវនកម្មផ្ទៃក្នុង និងការអភិវឌ្ឍន៍សាជីវកម្មជាដើម។
គួររំលឹកបន្តិចថា ការតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុថ្មីនៅ Target ធ្វើឡើងក្រោយក្រុមហ៊ុននេះ ជួបប្រទះការលក់ទាបមិនធ្លាប់មាន ខណៈបច្ចុប្បន្នផ្សារលក់រាយធំបំផុតមួយនៅអាមេរិកនេះ បានធ្វើការបញ្ចុះតម្លៃលើទំនិញពេញនិយមច្រើនជាង ៥ ០០០មុខ ដើម្បីបង្កើនស្ថិតិលក់របស់ខ្លួនវិញ៕