លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្តីរំពឹងទុកថា នឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិកនៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកថ្លែងបែបនេះ នៅកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាម៉េរិកលើកទី១ ក្រោមវត្តមានលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ខណៈកិច្ចសន្ទនានេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងមានវិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាម៉េរិកលើកទី១នេះ បានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយអនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។តាមរយៈកិច្ចសន្ទនានេះ លោក ក៏បានរំពឹងថានឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិកប្រមាណ ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
លើកឡើងនាឱកាសនេះដែរ លោកស្រី Bridgette L. Walker បានបង្ហាញភាពរីករាយដែលបានសហការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១នេះ ដែលអាចរួមគ្នាពិនិត្យពិភាក្សា លើបរិយាកាសវិនិយោគនៅកម្ពុជា ខណៈសហរដ្ឋអាម៉េរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ លោកស្រី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈកិច្ចសន្ទនាខាងលើនោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកពីយន្តការថែទាំវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជាជាដើម៕ អត្ថបទ៖ រង្សី