យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិវិនិយោគចាប់ពី ១០០លានដុល្លារ ឬច្រើនជាងនេះ បានកើនឡើងទ្វេដង នៅក្នុងប្រទេសចិនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ពោលគឺជាការកើនឡើងក្នុងល្បឿនដ៏លឿនបំផុតបើធៀបទៅនឹងបណ្តាប្រទេសលោកខាងលិច។
យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនវិភាគ Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញឲ្យដឹងថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសចិន មានអត្រាកំណើនដល់ទៅ ១០៨% ក្នុងពេល ១០ឆ្នាំចុងក្រោយ ស្របពេលសហរដ្ឋអាមេរិក មានអត្រាកំណើនត្រឹម ៨១% ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ។
ទន្ទឹមនឹងនេះ កំណើនចំនួនមហាសេដ្ឋីនៅតំបន់អឺរ៉ុបវិញ ហាក់មានសន្ទុះយឺតខ្លាំង ពោលគឺមានការកើនឡើងត្រឹមតែ ២៦% ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ខណ:ពេលដែលចំនួនមហាសេដ្ឋី នៅទូទាំងពិភពលោកបានកើនឡើង ៥៤% ក្នុងមួយទសវត្សចុងក្រោយនេះ។
គួរឲ្យដឹងផងដែរថា ទីក្រុងចំនួន៤ នៅក្នុងតំបន់អាស៊ីកំពុងកើនឡើងចំនួនមហាសេដ្ឋីយ៉ាងឆាប់រហ័ស ដោយក្នុងនោះទីក្រុងប៉េកាំង សិង្ហបុរី សៀងហៃ និងហុងកុង បានដណ្តើមយកចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ ក្នុងចំណោមទីក្រុងដែលមានចំនួនមហាសេដ្ឋីកំពូលៗទាំង១០ របស់ពិភពលោក។
ទន្ទឹមនឹងនេះ ប្រធានផ្នែកស្រាវជ្រាវខាងទ្រព្យសម្បត្តិ Andrew Amoils បានចង្អុលបង្ហាញថាជាង ៦០% នៃចំនួនមហាសេដ្ឋីសរុបគឺជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុន ខណ:អាជីពទាំងនេះអាចជួយឲ្យពួកគេអាចបង្កើនទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស៕