អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,៣លានដុល្លារ ដើម្បីទិញដី និងជីកស្រះទឹកដ៏ធំមួយ សម្រាប់ឱ្យប្រជាជន និងក្រុមហ៊ុនប្រកបអាជីវកម្មនានា នៅក្នុងតំបន់ចុងខាងជើងជួរភ្នំប្រះព្រៅ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងខ្វះខាតទឹក អាចមានទឹកប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកញ្ញា ថាដោយសង្កេតឃើញថា នៅក្នុងតំបន់ ចុងខាងជើងជួរភ្នំម្រះព្រៅ ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនមានប្រភពទឹកទន្លេ ស្ទឹង បឹងប៊ួ នៅរដូវប្រាំងអូសបន្លាយម្តងម្កាល ធ្វើឱ្យប្រជាជន ក៏ដូចជាក្រុមហ៊ុន ដែលប្រកប អាជីវកម្ម កសិកម្ម នៅក្នុងតំបន់នេះ ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះហើយបានជាលោក ចេះតែទិញដី ជីកស្រះទឹក ជាបន្តបន្ទាប់។
«ជាក់ស្តែង កាលពីថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបាន ទិញដី ទំហំ 51,600m2 យកមកជីកស្រះទំហំ 430m x 120m ជម្រៅ 9m រហូតមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយចំណាយពេល ១១២ថ្ងៃ ទើប រួចរាល់ជាស្ថាពរ។ ស្រះនេះអាចស្តុបទឹកបាន ប្រមាណ ជាជិត 500,000 ម៉ែត្រគូប ដោយចំណាយថវិកា ទិញដី និងជីកស្រះ អស់ ប្រមាណជាជាង 1,300,000ដុល្លារ»។ អ្នកឧកញ៉ា បានបន្ត។
តាមការបញ្ជាក់ពី អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្រះទឹកនេះជាស្រះទឹកធំទី៦ហើយ ដែលលោកនិងភរិយាបានចំណាយថវិកាផ្ទាល់ខ្លួនជីកជូនប្រជាពលរដ្ឋ។ អ្នកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា តំណរតទៅកូនចៅ ព្រមទាំងប្រជាជន និងរក្សាទុកកេរ្តិ៍តំណែលស្រះទឹកធំៗទាំងអស់ ដែលរូបលោក និងភរិយាបានចំណាយថវិកា ព្រមទាំងពេលវេលាអស់ជាច្រើន ដើម្បីយកមកទិញដី ព្រមទាំងជីកស្រះទឹកទាំង៦នេះ៕