ជិត៤០% នៃខុនដូទាំងអស់ក្នុងប្រទេសថៃ សុទ្ធសឹងតែត្រូវបានទិញដោយជនជាតិចិន

អន្តរជាតិ

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (REIC) បានបញ្ចេញនូវព័ត៌មានមួយកាលពីថ្ងៃទី២០ ខែកញ្ញាថា ជនជាតិចិនបានទិញនូវខុនដូសរុបចំនួន ២ ៨៧២យូនីត នៅក្នុងប្រទេសថៃ នារយៈពេលចន្លោះខែមករា ដល់ខែមិថុនា ដែលស្មើនឹង៣៩,៥% នៃប័ណ្ណកម្មសិទ្ធទាំងអស់ដែលបានផ្ទេរទៅឲ្យជនបរទេស ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន The Nations បានឲ្យដឹងថា ក្រៅតែពីជនជាតិចិនដែលជាអ្នកទិញច្រើនជាងគេ បន្ទាប់ពីនោះគឺជាជនជាតិមីយ៉ាន់ម៉ាដែលមានចំនួន ៦៣៨យូនីត (៨,៨%) បន្ទាប់មកគឺជនជាតិរុស្ស៊ីដែលមាន ៥៦៧យូនីត (៧,៨%) តៃវ៉ាន់ ៣២៦យូនីត (៤,៥%) និងសហរដ្ឋអាមេរិក ២៩២យូនីត (៤%)។

ទាក់ទងនឹងទឹកប្រាក់ដែលប្រទេសថៃទទួលបានពីការលក់ខុនដូវិញ លោក Wichai Wiratkapan នាយកគ្រប់គ្រង REIC បញ្ជាក់បានត្រឹមថា ខុនដូដែលទិញដោយជនជាតិចិនមានតម្លៃសរុប ១៣,២ពាន់លានបាត។ បន្ថែមពីនោះ លោកកត់សំគាល់ឃើញថា យូនីតដែលបានទិញដោយជនជាតិមីយ៉ាន់ម៉ាបានកើនឡើងជិត ២៥០%ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពេលនោះបានផ្ទេរកម្មសិទ្ធិ ឬលក់ពេញសិទ្ធិទៅឲ្យអតិថិជនមីយ៉ាន់ម៉ា គឺមានតែ ១៨២យូនីតប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លះឆ្នាំ២០២៤នេះ នៅតាមបណ្តាខេត្តដែលជនបរទេសទិញខុនដូ ភាគច្រើនគឺនៅឈុនបុរី មានចំនួនច្រើនជាងគេ បន្ទាប់មកគឺមានដូចជា ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងសាមុតប្រាកានជាដើម ខណៈក្នុងនោះជិត៧៥% ទៅហើយត្រូវបានជនបរទេសទិញនៅឯ ឈុនបុរី ឬបាងកក៕