លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំសិល្បករសិល្បការិនី ចូលរួមវគ្គបណ្តុះបណ្តាលខ្លីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការសមាគមសិល្បករខ្មែរ។
កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងតាមរយៈកិច្ចសហការរៀបចំរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា ព្រមទាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងសិល្បករសិល្បការិនី ជាច្រើនរូបទៀត។
តាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលខ្លីនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនីជុំវិញឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា។
គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ នឹងមានរៀបចំកម្មវិធីបណ្តុះបណ្តាលធំៗបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញឱ្យសិល្បករសិល្បការិនីមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ធានាដល់ការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕