ក្រុមប្រព័ន្ធផ្សព្វផ្សាយបារាំងចំនួន៧ គ្រោងនឹងប្តឹងក្រុមហ៊ុន Google ទាមទារសំណងច្រើនជាង ១ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) ជុំវិញការរំលោភបំពាននៅក្នុងទីផ្សារផ្សាយពាណិជ្ជកម្មតាមរយ:ប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
បើតាមក្រុមហ៊ុនផ្តល់សេវាព័ត៌មាន Mind Media បាននិយាយថា ក្រុមទាំង៧ ដែលតំណាងឲ្យក្រុមហ៊ុនសរុបចំនួន២២ នៅក្នុងប្រទេសបារាំង បាននិងកំពុងចាប់ផ្តើមរៀបចំសកម្មភាពផ្លូវច្បាប់ ប្រឆាំងទៅនឹងក្រុមហ៊ុន Google។
គួរឲ្យដឹងផងដែរថា ការប្តឹងទារសំណងនេះ បានកើតឡើងបន្ទាប់អធិការកិច្ចប្រកួតប្រជែងរបស់បារាំង ធ្លាប់បានពិន័យទៅលើក្រុម Google ចំនួន ២២០លានអឺរ៉ូរួចម្តងទៅហើយ កាលក្នុងខែមិថុនា ឆ្នាំ២០២១ សម្រាប់ការផ្តល់សេវាកម្មប្រតិបត្តិការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ខ្លួនជាមួយនឹងអត្ថប្រយោជន៍ប្រកួតប្រជែង ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ដៃគូ និងអ្នកផ្សាយពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Figaro លោក Marc Feuillee បាននិយាយនៅក្នុងរបាយការណ៍មួយថា Google ត្រូវបានគេរកឃើញយ៉ាងច្បាស់ថាមានកំហុសចំពោះអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែងដោយយុត្តិធម៌ ហើយ Google បានផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងអស់ជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ដៃគូ ជាពិសេសអ្នកផ្សាយពាណិជ្ជកម្ម។
មិនតែប៉ុណ្ណោះ លោក Feuillee បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសបារាំង បានក្លាយជាជនរងគ្រោះនៃបញ្ហានេះ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដែលពួកគេកំពុងប្រើប្រាស់ ដូច្នេះហើយទើបកំពុងស្វែងរកការទាមទារសំណងត្រលប់មកវិញ៕