ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាសា្ថនពហុច្ចេកទេសភូមិភាគតេជោសែនកំពត និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់។
នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពី លោក កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន, លោក ជ្រុន គឹមលេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ និងសិក្ខាកាម ជាច្រើននាក់ផងដែរ។
លោក ជ្រុន គឹមលេង ក៏បានលើកឡើងផងដែរថា ការចុះអនុស្សារណៈនេះមានប្រយោជន៍ដល់វិស័យសំណង់ ដូចជា ការអភិវឌ្ឍធនធានមនុស្ស បង្កើតការងារធ្វើកាន់តែច្រើន ក៏ដូចជាអភិវឌ្ឍវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ មានសិក្ខាកាមចូលរួមចំនួន ៣៩នាក់ ដែលនឹងទទួលបានការបណ្ដុះបណ្ដាលពីគ្រូបង្វឹកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់នៅក្នុងវិទ្យាស្ថាន ហើយក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ សិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីវិទ្យាស្ថាន និងក្រុមហ៊ុន ជីបម៉ុង អុិនស៊ី ស៊ីមេន។
លោក កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិនបានថ្លែងនៅក្នុងកម្មវិធីថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី យើងជឿជាក់ថា ការរៀនសូត្របន្តគឺជាគន្លឹះសំខាន់ សម្រាប់ការរីកចម្រើននៃជំនាញរបស់យើង។ ការបណ្តុះបណ្តាលថ្ងៃនេះនឹងណែនាំសម្ភារៈថ្មីៗ ឧបករណ៍ទំនើប និងការអនុវត្តល្អបំផុត ដោយផ្តោតលើភាពជាក់លាក់ និរន្តរភាព និងសុវត្ថិភាព។
លោកបានបញ្ជាក់ថាចាប់តាំងពីយើងសហការជាមួយវិទ្យាស្ថានបច្ចេកទេសតំបន់តេជោសែនកំពត វិទ្យាស្ថានបច្ចេកទេសកំពង់ស្ពឺ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស NPIC មានសិក្ខាកាម ជាង 1,000 នាក់រួចមកហើយដែលត្រូវបានបណ្តុះបណ្តាល។
លោក កាសេម ម៉ាក្រៃ បានបន្ថែមទៀតថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី សង្កត់ធ្ងន់លើការសាងសង់ប្រកបដោយនិរន្តរភាព ដោយស្របតាមការផ្លាស់ប្តូរជាសកល។ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ប្តេជ្ញាផលិតស៊ីម៉ងត៍ ដោយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ផលិតផល ស៊ីម៉ងត៍អូដ្ឋរឹងមាំ និង ស៊ីម៉ងអូដ្ឋបូក របស់យើងត្រូវបានទទួល វិញ្ញាបនបត្រ (EPD) ពីស្ថាប័នអន្តរជាតិ ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលប្រកាសថា ជាផលិតផលដែលគិតគូរពីបរិស្ថាន។
នេះមិនមែនជាលើកទី១ទេដែល ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានយកចិត្តទុកដាក់សហការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតស្តង់ដាជាមួយវិទ្យាស្ថាន។ សម្រាប់កិច្ចសហការបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់ថ្មីនាពេលនេះមានសិក្ខាកាមសរុបចំនួន៣៩នាក់ នឹងត្រូវបណ្តុះបណ្តាលលើជំនាញកំបោរនៃវិស័យសំណង់។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕