ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥.៨% នៅឆ្នាំ២០២៤ ខណៈឆ្នាំ២០២៥ ស្ទុះដល់ ៦.០%

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥.៨% សម្រាប់ឆ្នាំ២០២៤ និង ៦.០% សម្រាប់ឆ្នាំ២០២៥ ខាងមុខ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បញ្ជាក់ថា ការព្យាករណ៍នេះ គឺវាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ហេតុនេះ ADB បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា«ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»។

របាយការណ៍នេះ បានបញ្ជាក់ទៀតថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦.៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ចំណែក កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១.២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់ បានកើនឡើង ២៣.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ចំពោះវិស័យកសិកម្មវិញ ត្រូវបានព្យាករថានឹងកើនឡើង ១.២% ក្នុងឆ្នាំ ២០២៤ និង១.៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥.៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥.២% នៅឆ្នាំ ២០២៥។ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤.៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

ដោយឡែក ADB បានបន្តថា លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២.០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២.១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។

គួរបញ្ជាក់ដែរថា ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់ជាដើម៕នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍របស់ ADB៕ អត្ថបទ៖ រង្សី