ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) បានចាប់ដៃសហការជាមួយក្រុមហ៊ុន Stabil Nutrition, LLC របស់លោក Michael Tarrasch វិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលខាងមុខ។
ការចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
តាមការបញ្ជាក់ឱ្យដឹងអនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។
គួររម្លឹកដែរថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក ៕