លោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុន LVMH កាលពីពេលថ្មីៗនេះ បានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួនធ្លាក់ចុះអស់ចំនួន ៥៤ពាន់លានដុល្លារ និងបានផ្លាស់ប្តូរលោកពីចំណាត់ថ្នាក់មហាសេដ្ឋីមានបំផុតរបស់ពិភពលោក ទៅកាន់ចំណាត់ថ្នាក់លេខ៥ វិញ។
រំលឹកផងដែរថា ទ្រព្យសម្បត្តិរបស់លោក Arnault ធ្លាប់បានកើនឡើងដល់ ២៣១ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំនេះ ដោយបានធ្វើឲ្យបុរសសញ្ជាតិបារាំងរូបនេះ នាំមុខទៅលើកំពូលមហាសេដ្ឋីផ្សេងទៀតដូចជា Elon Musk និង Jeff Bezos ជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរបស់លោក Arnault បច្ចុប្បន្នធ្លាក់មកនៅត្រឹមចំនួន ១៧៧ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg។
ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Arnault នេះ ភាគច្រើនដោយសារតែការធ្លាក់ចុះ ១៦% នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន LVMH ដែលត្រូវបានចាត់ទុកថាជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ ក្រុមហ៊ុនលក់ទំនិញប្រណីតៗនេះ ក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនផ្សេង រួមទាំងការកើនឡើងត្រឹមតែ ២% នៃប្រាក់ចំណូលមូលដ្ឋាន និងការធ្លាក់ចុះ ៨% នៃប្រាក់ចំណូលពីប្រតិបត្តិការ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។
ជម្រាបជូនថា ការធ្លាក់ចុះដ៏ច្រើននេះ បានធ្វើឲ្យលោក Arnault ក្លាយជាអ្នកបាត់បង់ទ្រព្យសម្បត្តិដ៏ធំបំផុត ក្នុងចំណោមបុគ្គលកំពូល ៥០០នាក់ នៅក្នុងបញ្ជីរបស់ Bloomberg ខណ:បច្ចុប្បន្នចំណាត់ថ្នាក់កំពូលៗទំាង៤ កំពុងនាំមុខដោយ Elon Musk, Jeff Bezos, Larry Ellison និង Mark Zuckerberg ៕