អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមសហការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ឱ្យបានមហោឡារិក ស្របតាមប្រពៃណីជាតិ។
នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលផ្សាយចេញនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ប្រភពដដែល បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមលើកទង់ជាតិ ទង់សាសនា ចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាម បណ្តាអង្គភាព និងទីតាំងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឱ្យបានអធិកអធម។
ជាមួយគ្នានេះ សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រសហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំ រចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង ដើម្បីបង្កើនសោភណភាព ឱ្យកាន់តែស្រស់ស្អាត។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលពិធីបុណ្យ ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អង្គភាពខាងលើ ក៏ត្រូវជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើសច្បាប់គ្រប់ប្រភេទ និងត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕ អត្ថបទ៖ រង្សី