លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan ប្រទេសចិន ឱ្យវិនិយោគកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី ជាមួយនិងគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគមកពីខេតុ្ត Yunnan ប្រទេសចិន ដឹកនាំដោយលោក លោក Liu Jie អនុប្រធាមន្ទីរពាណិជ្ជកម្មនៃ ខេត្ត Yunnan កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនោះ លោក ជា វុទ្ធី បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ម្យ៉ាងវិញទៀត ក៏ជាការផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគរបស់កម្ពុជា ដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួម ជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។
ឆ្លៀតនៅក្នុងឱកាសនេះ លោក ជា វុទ្ធី ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរពីការវិនិយោគកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។
ជាការឆ្លើយតប លោក Liu Jie បានបង្ហាញជំនឿជឿជាក់ថា បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោកអគ្គលេខាធិការ គណៈប្រតិភូនឹងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា ទៅតាមវិស័យរៀងៗខ្លួន។
លោកបានបន្ថែមទៀតថា ទស្សនកិច្ចមកកម្ពុជាលើកនេះ ក៏មានបំណងចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ពិសេស ការវិនិយោគមកពីខេត្ត Yunnan ។
សូមបញ្ជាក់ថា គណៈប្រតិភូក្រុមហ៊ុនមកពីខេត្ត Yunnan ទាំងនោះ មានសកម្មភាពវិនិយោគក្នុងវិស័យ ថាមពល, បច្ចេកវិទ្យាឌីជីថល, ពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម និងកសិ ឧស្សាហកម្ម, ផលិតកម្មម្ហូបអាហារ និងការផ្តល់សេវាប្រឹក្សាពាក់ព័ន្ធនឹងការវិនិយោគ៕