កម្ពុជា-ចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានសម្រេចឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្ដិការណ៍លើវិស័យសំខាន់ៗមួយចំនួនដូចជា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ សម្រាប់ជាការរួមចំណែកពង្រឹងចំណងមិត្តភាពយូរអង្វែង និងបានជាប្រយោជន៍ដល់ការអភិវឌ្ឍរវាងប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសបេ្ដជ្ញាចិត្ដរវាងប្រទេសទាំងពីរនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលជួបពិភាក្សាការងារជាមួយលោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ប្រទេសចិន។

នៅក្នុងឱកាសនេះ លោក Ding Xuexiang បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមិនអាចបំបែកបំបាក់បាន ហើយរដ្ឋាភិបាលចិនតែងតែចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយក៏បានត្រៀមខ្លួនសម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលចិន ដែលបានរៀបចំពិព័រណ៍ចិន-អាស៊ាន ជាប្រចាំចាប់តាំងពីឆ្នាំ២០០៤ ដែលកម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ សម្រាប់ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា ចំណងទាក់ទងរវាងកម្ពុជា-ចិន មានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ហើយប្រវត្តិសាស្រ្តក៏បានគូសបញ្ជាក់ផងដែរ ចិននិងកម្ពុជាមាននិស្ស័យជាមួយនឹងគ្នា និងជាមិត្តដែលកម្ពុជាអាចពឹងពាក់បាន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយក្នុងនោះរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើការលើកកម្ពស់ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ សម្រាប់ជាការរួមចំណែកពង្រឹងចំណង មិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ថាមពល, សុខាភិបាល, ប្រព័ន្ធស្រោចស្រព, អបរំ និងកសិកម្មជាដើម៕