គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលសាច់បង្កក មកកាន់ទីផ្សារកម្ពុជា មានចំនួន៤០ ក្រុមហ៊ុន។ នេះបើតាមសេចក្តីប្រកាសជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្តីប្រកាសជូនដំណឹងខាងលើ បានឱ្យដឹងថា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលមុខទំនិញសាច់បង្កកចំនួន២០បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ មានចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់៤០ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមហ៊ុនទាំង៤០ ដែលមានសិទ្ធនាំចូលសាច់បង្កកនោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
សូមជម្រាបជូនផងដែរថា កម្ពុជាសម្រេចបន្តហាមឃាត់ការនាំចូលថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កករយៈពេល ៦ខែថែមទៀត គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណាវិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់នាំចេញឡើយ៕