The Kanitha Show ចេញសុំទោសជាសាធារណៈ ចំពោះកំហុសអចេតនារិះគន់ព្រឹត្តិការណ៍ Gumball 3000

សង្គម​ និង​សេដ្ឋកិច្ច

កញ្ញា កន្និដ្ឋា​ សូ ដែលមានទំព័រហ្វេសប៊ុកឈ្មោះ The Kanitha Show កាលពីយប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បាន​បញ្ចេញសារ​សុំទោស​ជា​សាធារណៈ​ ព្រមទាំង​បាន​ដកចេញ​នូវ​​រាល់​វីដេអូ​​​ឃ្លីប​​ពាក់ព័ន្ធ​ទាំង​អស់ ចំពោះ​កំហុស​អចេតនា​របស់​ខ្លួន ដែល​​បាន​រិះគន់​ទៅ​លើព្រឹត្តិការណ៍ Gumball 3000។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

The Kanitha Show ថ្មីៗនេះ​បាន​បង្ហាញ​ពីការមិនគាំទ្រ​ចំពោះ​ការ​ប្រើប្រាស់​ប្រាសាទ​អង្គរវត្ត​ធ្វើ​ជា​ឆាក​បង្ហាញ​រថយន្ត​ស្ព័រ ដែល​​កញ្ញា​យល់​ថា​ជា​ការ​មិន​គោរព​ទៅ​ដល់​បុព្វបុរសខ្មែរ ​មិន​គប្បី​ទៅ​នឹង​ទំនៀមទម្លាប់​របស់​ខ្មែរ ​និង​តម្លៃ​របស់​អប្សរាស្រីសួគ៌។ ទោះយ៉ាងណា ទស្សនៈរបស់ The Kanitha Show បាន​ធ្វើ​ឱ្យ​សាធារណមតិ​ជា​ច្រើន​ យល់​ថា​ពុំ​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ និង​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​កើត​មាន​ឡើង​នៅ​កម្ពុជា។ ជាពិសេស ព្រឹត្តិការណ៍​នេះ​បាន​ជួយ​ផ្សព្វផ្សាយ​ដល់​​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក​កាន់​តែ​សុះសាយ​ ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផង​ដែរ។​​​​

​បន្ទាប់ពី​បាន​ដឹង​ពី​កំហុស​​អចេតនា​របស់​ខ្លួន The Kanitha Show បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាលពី​យប់​ថ្ងៃទី២៥ ខែកញ្ញា ដូច្នេះថា៖ “ឱ្យខ្ញុំសូមអភ័យទោសផង​ ខ្ញុំបានដឹងខុសហើយ”។

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong កាលថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅកម្ពុជា បញ្ចប់ទៅដោយ​ភាពរីករាយ ការចងចាំល្អៗ ទទួលបាន​ការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ពិសេសគឺការគាំទ្រយ៉ាងពេញទំហឹង​ពីរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ បានជះឥទ្ធិពលវិជ្ជមានជាច្រើនមកកាន់ប្រទេសកម្ពុជា រួមមាន៖ ការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ ការផ្ដល់ជំនួយសប្បុរសធម៌ទៅកាន់មន្ទីពេទ្យកុមារអង្គរ ឱកាសនៃ​ទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមករវាងវិនិយោគិនក្នុងស្រុក និងបរទេស និងការបំបែកកំណត់ត្រា​ពិភពលោកជាដើម៕