Elon Musk ចេញមុខបដិសេធរឿងមានទំនាក់ទំនងស្នេហា ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី

អន្តរជាតិ

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានចេញមុខបដិសេធរាល់ទំនាក់ទំនងស្នេហារវាងរូបលោក និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បន្ទាប់ពីលោកបានធ្លោយមាត់សរសើរលោកស្រីថាជាមនុស្សស្រីមានសម្រស់ស្រស់ស្អាត អំឡុងពិធីប្រគល់ពានរង្វាន់មួយ នៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថាពាក្យចចាមអារ៉ាមនៃទំនាក់ទំនងស្នេហាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង បន្ទាប់ពីលោក Musk បានចូលរួមផ្តល់ពានរង្វាន់ Global Citizen Award ពីក្រុមប្រឹក្សា Atlantic Council Think Tank ជូនដល់នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ មុនពេលនិយាយសរសើរថាលោកស្រីស្រស់ស្អាត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk បានចេញមុខបដិសេធវិញ ដោយបានសរសេរនៅលើបណ្តាញសង្គម X ក្រោមរូបភាពរបស់លោក និងលោកស្រី Meloni កំពុងមើលមុខគ្នាក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចថា ៖” តាមពិតទៅខ្ញុំនៅទីនោះជាមួយម្តាយរបស់ខ្ញុំទេ។ មិនមានទំនាក់ទំនងស្នេហាណាមួយជាមួយលោកស្រីរដ្ឋមន្ត្រី Meloni ឡើយ”។

ជម្រាបជូនថា កំពូលមហាសេដ្ឋីជនជាតិអាមេរិក និងមេដឹកនាំអ៊ីតាលី តែងបានបង្ហាញទំនាក់ទំនងជិតស្និត និងបានជួបគ្នាជាច្រើនដងរួចមកហើយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយថែមទាំងបានបង្ហាញគំនិតគាំទ្រដូចគ្នាជុំវិញការព្រួយបារម្ភលើការថយចុះអត្រាកំណើត និងការចាប់អារម្មណ៍លើសក្តានុពលនៃបញ្ញាសិប្បនិម្មិត ថែមទៀតផង៕