ក្រុមហ៊ុន​បិតា​វិនិយោគ Warren Buffett បន្តលក់ភាគហ៊ុនពីធនាគារកំពូលអាមេរិក ប្រហែល ៩ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានបន្តលក់ចេញភាគហ៊ុនកាន់តែច្រើន នៅក្នុងធនាគារ Bank of America (BofA) ដោយទទួលបានទឹកប្រាក់សរុបប្រហែល ៩ពាន់លានដុល្លារ គិតចាប់តាំងពីខែកក្កដាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារចុងក្រោយមួយ ក្រុមហ៊ុន Berkshire បាននិយាយថាខ្លួនបានលក់ភាគហ៊ុនអស់ប្រហែល ២១ លានហ៊ុន នៅចន្លោះថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ក្នុងតម្លៃប្រហែល ៨៦៣លានដុល្លារ បន្ទាប់ពីការលក់ប្រហែលជាង ៤៥ លានហ៊ុន នៅដើមខែកញ្ញា។

គួរឲ្យដឹងថា Berkshire នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ BofA ខណ:ឥឡូវនេះបន្តកាន់កាប់ភាគហ៊ុនសរុបប្រមាណ ១០,៥% ។ មហាសេដ្ឋី Warren Buffett បានចាប់ផ្តើមវិនិយោគនៅក្នុងធនាគារកំពូលរបស់អាមេរិកនេះ ក្នុងឆ្នាំ២០១១ នៅពេលដែលក្រុមហ៊ុន Berkshire របស់លោកបានទិញភាគហ៊ុនដែលមានតម្លៃសរុបប្រមាណ ៥ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ BofA លោក Brian Moynihan បាននិយាយកាលពីដើមខែនេះថា លោកមិនដឹងពីចេតនាច្បាស់លាស់របស់លោក Warren Buffett ចំពោះការសម្រេចចិត្តលក់ភាគហ៊ុននេះឡើយ ខណ:ខាងធនាគារបស់លោកក៏មិនអាចសួរនាំអ្វីបានច្រើន​ ផងដែរ៕