សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទទួលបានជាង ២១ លានដុល្លារហើយ ខណៈសម្តេចអះអាងថា ថវិកានេះ នឹងត្រូវយកទៅបន្តអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១ លានដុល្លារហើយ ដើម្បីចូលរួមកសាងផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត។
សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួននេះ ត្រូវបានរដ្ឋាភិបាលអះអអាថា ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕ អត្ថបទ៖ រង្សី