គណៈប្រតិភូចិន សំឡឹងឃើញឱកាសវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូចិន មកពីក្រុមហ៊ុន Sichuan Pan-Asia Investment Co., Ltd. មានមូលដ្ឋាននៅទីក្រុងស៊ីឈួន បានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយផ្ដើមចេញពីការសិក្សាស្វែងយល់ឱកាសវិនិយោគនូវប្រភេទដំណាំសក្តានុពល ឈានដល់ការផ្គត់ផ្គង់កសិផល ឬផលិតផលកសិកម្មកែច្នៃ ទៅទីផ្សារនៃប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសម រវាងលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ គណៈប្រតិភូចិនបានទទួលយកនូវការណែនាំពីលោក តូច ប៊ុនហួរ ដើម្បីសិក្សាពីលទ្ធភាពការវិនិយោគលើការកែច្នៃស្វាយចន្ទី ម្រេច និងដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

លើសពីនេះ ក្រុមហ៊ុនក៏នឹងសិក្សាពីលទ្ធភាពបង្កើតសួនឧស្សាហកម្មនៅតំបន់ជិតផ្លូវរថភ្លើង ព្រមទាំងលទ្ធភាពបង្កើតរោងចក្រផលិតជីនិងថ្នាំកសិកម្មនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Sichuan Pan-Asia Investment Co., Ltd. បាននិងកំពុងវិនិយោគវិស័យកសិកម្ម (ដំណាំដំឡូងមី) នៅប្រទេសឡាវ និងបានបង្កើតសួនឧស្សាហកម្មចំនួនមួយកន្លែងនៅក្នុងប្រទេសឡាវ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសថៃ ឈ្មោះ Pan-asia Investment ដែលវិនិយោគលើការកែច្នៃម្សៅដំឡូងមី៕