មោទកភាពផលិតផល Made in Cambodia ឈានជើងចូលទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន SHANGHAI DRINK NOD CO. LTD របស់ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាបៀរ គុណភាពស្តង់ដារពិភពលោក ធំជាងគេបង្អស់នៅកម្ពុជា ស្ដីពីការសុំសិទ្ធនាំយកផលិតរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅក្នុងប្រទេសចិន ជាទីផ្សារដែលមានតម្រូវការខ្ពស់ និងមានអ្នកប្រើប្រាស់ជាង ១,៤ ពាន់លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផលភេសជ្ជៈ ដែលមានសញ្ញាសម្គាល់ «Made in Cambodia» ត្រូវបានទទួលស្គាល់ពីគុណភាព និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាហូរហែ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ខ្មែរ ប៊ែវើរីជីស។ ដោយឡែក ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីស បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបរទេសក្នុងការនាំយកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក។ កន្លងមក ខ្មែរ ប៊ែវើរីជីស ក៏បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន DC Logistic & Trading របស់សិង្ហបុរី, ក្រុមហ៊ុន Kingsman Holdings SND. BHD របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Bao Chau Import Export របស់វៀតណាម ក្នុងការនាំចេញផលិតផលស្រាបៀរ និងភេសជ្ជៈ ទៅកាន់ទីផ្សារនៃប្រទេសក្នុងអាស៊ីអាគ្នាយ៍នេះ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន SHANGHAI DRINK NOD CO. LTD ដើម្បីសុំសិទ្ធនាំយកស្រាបៀរ និងភេសជ្ជៈ របស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សារប្រទេសចិននៅក្នុងថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្ដង់ដារគុណភាពគ្រប់គ្រាន់ និងភាពជឿជាក់របស់ក្រុមហ៊ុនចិន មកលើផលិតផលកម្ពុជា ខណៈកន្លងមកភាគច្រើន យើងធ្លាប់តែនាំចូលទំនិញពីចិន»។

អ្នកឧកញ៉ាបន្ថែមថា «យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហកាក្នុងភាពជាដៃគូពាណិជ្ជកម្មនេះ ជាការបើកច្រកថ្មីមួយបន្ថែមទៀត ដើម្បីធ្វើឱ្យផលិតផលខ្មែរ កាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ និងជួយពង្រីកទីផ្សារផលិតផលខ្មែរកាន់តែទូលំទូលាយទៅក្នុងតំបន់ និងពិភពលោក»៕