ស្ថាបនិក Gumball 3000 បង្ហើបថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជានាថ្ងៃអនាគត

កម្សាន្ត

ក្រោយពេលទៅដល់ទីក្រុងដ៏ ចក្រភពអង់គ្លេសដោយសុវត្ថិភាព លោក Maximillion Cooper ជាស្ថាបនិក Gumball 3000 បានសរសេរសារដោយផ្ទាល់ថ្លែងអំណរគុណជាពិសេសមកកាន់ Chip Mong Group និងលោក ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង ដែលទទួលរៀបចំបដិសណ្ឋារកិច្ចបានយ៉ាងល្អធ្វើឲ្យប្រតិភូ Gumball 3000 រួមទាំងខ្លួនលោកផ្ទាល់ទទួលបាននូវបទពិសោធន៍ថ្មីដែលពិបាកនឹងបំភ្លេចបាន អំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ចំនួន២យប់៣ថ្ងៃក្នុងមហាព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសាររបស់ស្ថាបនិកនិងជាអគ្គនាយក Gumball 3000 ដដែលរូបនេះ បានរំលេចឲ្យឃើញពីទឹកចិត្តគាំទ្ររបស់ប្រជាជនកម្ពុជាចំពោះប្រតិភូ Gumball 3000 ក៏ដូចជាការរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះតាំងចាប់ផ្ដើមដល់បញ្ចប់។

លោក បានបង្ហើបឲ្យដឹងថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងកើតមាននៅកម្ពុជាម្ដងទៀតនៅថ្ងៃអនាគត»។ លោក បានបន្ថែមទៀតថា៖ «ព្រឹត្តិការណ៍ Gumball 3000 នឹងរួមចំណែកជះឥទ្ធិពលជាវិជ្ជមានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងឪកាសវិនិយោគជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឲ្យកាន់តែកើនឡើងមួយកម្រិតទៀត។»

ជាមួយគ្នានោះដែរ លោក ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាបាភិបាលកម្ពុជា សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម សុខ សូកេន (អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍) ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធដែលបានរៀបចំបានយ៉ាងល្អនូវសណ្ដាប់ធ្នាប់ចរាចរណ៍ តាំងពីច្រកអន្តរជាតិ បាវិត-ស្វាយរៀង-រាជធានីភ្នំពេញ-ខេត្តសៀមរាបនិងនៅច្រកអន្តរជាតិប៉ោយប៉ែត ដែលបានធ្វើឲ្យព្រឹត្តិការណ៍ Gumball 3000 ទទួលបានជោគជ័យត្រចះត្រចង់ក្នុងគម្រប់ខួបលើកទី ២៥។

គួររំឮកដែរថា ព្រឹត្តិការណ៍ Gumball 3000 សហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប រៀបចំព្រឹត្តិការណ៍នេះឡេីងក្នុងគោលបំណងលើកស្ទួយ កិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេសបង្កើនការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប២០២៤» ព្រមទាំងដើម្បីប្រមូល ថកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជាឱកាសជំរុញការវិនិយោគពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ខណៈ ដែលគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាង ៤០% សុទ្ធតែជាពាណិជ្ជករធំៗដែលនឹងជួបពិភាក្សាផ្នែកធុរកិច្ចជាមួយ ពាណិជ្ជករក្នុងស្រុកដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ៕