លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បងប្អូនក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាម ហៅវត្តបទុមវតី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្ដើមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០នេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមនមស្សការព្រះរតនត្រៃ។
នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះគ្រូសូធ្យស្តាំ ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះគ្រូសូធ្យឆ្វេង នៃវត្តបទុមវតីរាជវរារាម ព្រមទាំងព្រះសង្ឃបានធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល។
បន្ទាប់ពីបញ្ចប់កិច្ចនៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០ បានបន្តស្ដាប់ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល មន្ត្រីសង្ឃក្នុងវត្តខាងលើ។
គួរបញ្ជាក់ថា ក្នុងឱកាសនៃរដូវកាលភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីចម្បងមួយរបស់ជាតិ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទកម្ពុជាជាច្រើន មានចិត្តអំណរសាទរយ៉ាងស្រុះស្រួល និងសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លាក្នុងការកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីវត្តអារាមនានា ដើម្បីទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន និងជាការរួមចំណែកលើកស្ទួយ ក៏ដូចជាតម្កើងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនសុះសាយផងដែរ៕