ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុននេះបន្តិច បានសរសេរផ្ញើសារជូនចំពោះអ្នកនាងកន្និដ្ឋា ឬ The Kanitha Show ថាសម្តេចមិនបានប្រកាន់ខឹងនោះទេ និងស្នើសារធារណជនបញ្ចប់ការជជែកតតាំងគ្នាពីកម្មវិធី Gumball 3000ទៀត ហើយគួរងាកមកអបអរពិធីបុណ្យភ្ជុំបិណ្ឌវិញម្តង។
ក្នុងសំណេរដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា៖«ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូនស្រីកន្និដ្ឋា និងសូមអរគុណ ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះ អាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ»។
ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ប្រាប់អ្នកនាងកន្និដ្ឋាថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។
ក្រៅពីនោះ សម្តេចថា កម្មវិធីនេះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។
រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។
ជាថ្មីម្តងទៀតថា សម្តេចធិបតី ថែមទាំងបន្តទៀតថា ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលដែលសម្តេចសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។
យ៉ាងណាមិញ សម្តេចថា Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ ហើយសម្តេចគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព។
នៅក្នុងសារដដែលនោះ សម្តេចក៏បានអរគុណទៅ The Kanitha Show ដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ ហើយបានជូនពរអ្នកនាងនិងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរផងដែរ។
សូមរម្លឹកថា សម្តេចបានផ្ញើសារទៅ The Kanitha Show ដូច្នេះ បន្ទាប់ពីអ្នកនាង កន្និដ្ឋា កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចេញសារសុំទោសជាសាធារណៈ ព្រមទាំងបានដកចេញនូវរាល់វីដេអូឃ្លីបពាក់ព័ន្ធទាំងអស់ ចំពោះកំហុសអចេតនារបស់ខ្លួន ដែលបានរិះគន់ទៅលើព្រឹត្តិការណ៍ Gumball 3000ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ រង្សី