នៅចាំអីទៀត ដាក់ពាក្យបង្ហាញទេពកោសល្យ! ឆ្នាំនេះខែក្រោយ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែល ១៨ឆ្នាំមានតែម្តងប៉ុណ្ណោះ

កម្សាន្ត

ព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ឆ្នាំ២០២៤ កំពុងតែខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ ស្របពេលវានឹងក្លាយជាឱកាសមួយដ៏អស្ចារ្យអាចឲ្យបេក្ខជន បេក្ខនារីទូទាំងប្រទេសកម្ពុជា បង្ហាញសមត្ថភាព និងទេពកោសល្យដែលខ្លួនមានទាក់ទងនឹងវិស័យសម្រស់ មកចូលរួមប្រកួតប្រជែង លើកមុខមាត់ប្រទេស ជាមួយនឹងបេក្ខជន បេក្ខនារីមកពី ១៥ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ពីសំណាក់សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក រួមទាំងសាលាបង្រៀនថែរក្សាសម្ផស្សគ្រីស្ទីណា និងសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ពិតណាស់នឹងធ្វើឲ្យកម្ពុជាទាំងមូលទទួលបាននូវប្រយោជន៍ជាច្រើននឹងធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ អំពីសក្តានុពលនៃឧស្សាហកម្មសក់ សម្រស់ និងសម្អាងរបស់កម្ពុជា ជាពិសេសដឹកនាំបងប្អូនរួមអាជីពក្នុងវិស័យសក់ សាឡន និងសម្រស់ទាំងអស់ បង្ហាញស្នាដៃពិសេសៗ តាមរយៈការរចនា និងការកែច្នៃប្រឌិតប្លែកៗមានភាពទាក់ទាញដល់ពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏នឹងជួយជំរុញ ជ្រោមជ្រែងឧស្សាហកម្មសក់ សម្រស់ និងសម្អាងនៅកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការលើកកម្ពស់ និងទទួលស្គាល់ស្នាដៃ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ជំនាញសក់ និងសម្រស់ ក៏ដូចជាលើកកិត្តិយស និងមោទនភាព សម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀចំកម្មវិធីដ៏ពិសេស ១៨ឆ្នាំមានតែម្តងប៉ុណ្ណោះនៅកម្ពុជា ហើយក៏ជាឱកាសមួយដើម្បីទាក់ទាញការបណ្តាក់ទុនរកស៊ី រួមទាំងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាមួយគ្នាផងដែរ។

គួរឲ្យដឹងថា វិញ្ញាសាក្នុងការប្រកួតប្រជែងមានច្រើនប្រភេទណាស់ ដែលអាចឲ្យបេក្ខជន បេក្ខនារីជាម្ចាស់សាឡន ឬអ្នកជំនាញក្នុងវិស័យមួយនេះ អាចចូលរួម និងមានឱកាសទទួលបានជ័យលាភីដោយរួមមានទាំង ១. វិញ្ញាសាកាត់សក់នារី រួមបញ្ចូលនិងការកែច្នៃពណ៌សក់ ២. វិញ្ញាសាកាត់សក់បុរស រួមបញ្ចូល និងការច្នៃពណ៌សក់ ៣. វិញ្ញាសាការតុបតែមុខកូនក្រមុំ ៤. វិញ្ញាសាការតុបតែងមុខបែបហ្វែនតាស៊ី ៥. វិញ្ញាសាការបង្កើតពណ៌សក់បែបសម័យថ្មី ៧. វិញ្ញាសាតរោមភ្នែក និង៨. វិញ្ញាសាហ្វេនតាស៊ីក្រចក។

សូមជម្រាបបន្ថែមថា កម្មវិធីប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងទទួលពាក្យបើកឲ្យសាធារណៈជនទាំងអស់ចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែតុលា ខណៈកម្មវិធីប្រកួតផ្លូវការនឹងប្រារព្ធធ្វើឡើងចំនួនពីរថ្ងៃពោលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun & Moon Riverside ហើយនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងមន្ត្រីរបស់កម្មវិធីទាំងជាតិ និងអន្តរជាតិជាច្រើននាក់ ដោយក្នុងនោះនឹងមានការអញ្ជើញចូលរួមពីប្រធានសមាគម APHCA ប្រចាំប្រទេសនីមួយៗចំនួន ១៥នាក់ ចៅក្រមដាក់ពិន្ទុជាតិនិងអន្តរជាតិមានចំនួន ១៥០នាក់ អ្នកចូលរួមប្រកួតទាំងជាតិ និងអន្តរជាតិ​សរុបមានជាង ១៥០នាក់ រួមទាំងម្ចាស់សាឡនជាអ្នកគាំទ្រ និងអ្នកទស្សនាដែលនឹងអញ្ជើញចូលរួមដោយសេរីមានប្រមាណ ៥០០នាក់ ដោយសរុបទាំងអស់ទៀតនោះមានរហូតដល់ទៅ ១ ០០០នាក់ឯណោះ៕