ប្រតិភូ CDC ជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer ស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer បន្តពង្រីកកិច្ចសហប្រតិបត្តិជាមួយក្រសួងសុខាភិបាល ពិសេសស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើងដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈជួបពិភាក្សាការងារជាមួយលោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer នៃសហរដ្ឋអាម៉េរិក នៅទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ដែរថា នៅក្នុងដំណើរចេញទៅគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិក ឃើញថា គណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយស្ថាប័ន និងក្រុមហ៊ុនល្បីឈ្មោះរបស់អាមេរិកជាច្រើន។ នៅក្នុងឱកាសនោះ ប្រតិភូកម្ពុជា ក៏បានរំលេចអំពីសក្តានុពល​របស់​កម្ពុជា រួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេង​ប្រកប​ដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគ​ដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា ដើម្បីអន្ទង់ចិត្តអ្នកវិនិយោគអាមេរិកឱ្យចាប់អារម្មណ៍កម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី