ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ត្រៀមដាក់ដំណើរការរថភ្លើងល្បឿនលឿន នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន​តាមផ្លូវដែក និងជាបុត្រសម្ព័ន្ធ​​ក្រុមហ៊ុន រ៉ូយ៉ាល់​ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀម​ខ្លួន​ដាក់ដំណើរការ​រថភ្លើងល្បឿនលឿន ដែលបាន​​ទិញ​ពី​ប្រទេសជប៉ុន​ ម៉ាក Kiha 183 Heavy Snow ​ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងអំឡុងពេល​ពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហើប​ឱ្យដឹងពី​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា ​កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ក្បាល​រថភ្លើង​ល្បឿនលឿន​ម៉ាក Kiha 183 Heavy Snow ព្រមទាំង​ទូរ​ដឹក​អ្នកដំណើរ ដែល​ភ្ជាប់​មក​ជាមួយ​កៅអី​​ផាសុកភាព និង​សម្ភារៈ​ប្រណិតៗ បាន​រៀបចំ​រួចរាល់​អស់​ហើយ។ ក្រុមហ៊ុន បាន​បង្ហើប​ឱ្យដឹង​ទៀត​ថា រថភ្លើងល្បឿន​លឿន​នេះ នឹង​អាច​​ដាក់​ឱ្យ​ដំណើរការ​​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ខណៈ​ដែល​តម្លៃ​សំបុត្រ​ធូរថ្លៃសមរម្យ ដោយ​ភ្នំពេញ ទៅ​ព្រះសីហនុ តម្លៃ ១០ដុល្លារ និង​ភ្នំពេញ ទៅ​ប៉ោយប៉ែត ត្រឹម​តែ ១៥ដុល្លារ​ប៉ុណ្ណោះ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពី​ប្រទេស​ជប៉ុន ដោយបាន​ដឹក​តាម​កប៉ាល់​ពី​តំបន់​ហុកកៃដូ ​​កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ និងបាន​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ព្រម​ទាំង​បាន​រៀបចំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​ត្រៀម​​ដំណើរការ​ជាផ្លូវការ។ រថភ្លើង​ដឹក​អ្នកដំណើរ​ម៉ាក ​Kiha 182 Heavy Snow ​ត្រូវបាន​គេ​ដឹង​ថា អាច​រត់​បាន​ល្បឿន​ដល់ ១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕