កាលពីព្រឹកថ្ងៃអាទិត្យទី ២៤ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ រួមទាំងក្រុមការងារសប្បុរសជន និងនៃក្រុមនិស្សិតវិទ្យាស្ថាន ខេមអេដ បាននាំយកសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្សចំនួន ៦៥៧នាក់ រួមទាំងកង់ចំនួន ១០ ចែកជូនសិស្សខ្វះខាតជីវភាពចំនួន ១០នាក់ នៅសាលាបឋមសិក្សាស្វាយមាស សាលាបឋមសិក្សាស្វាយមាស ស្ថិតនៅក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ថ្លៃងប្រាប់សារព័ត៌មានឌីជីថល ឧកញ៉ាញូស៍ នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ស្ថាបនិក ប្រធានមូលនិធិអប់រំកុមារ បានលើកឡើងថា៖ “បាទ! ថ្ងៃនេះមូលនិធិអប់រំកុមារ(មអក) នាំយកអំណោយរួមមាន កាតាបមួយ ប៊ិច ខ្ចៅដៃ និងជ័រលុប និងសៀវភៅ របស់សប្បុរសជនដែលបានចូលរួម តាមរយៈមូលនិធិកន្លងមក យកមកចែកជូនផ្ទាល់ជូនក្មួយៗសិស្សានុសិស្សសរុបប្រមាណចំនួន ៦៦៥ នាក់ និងកង់ចំនួន ១០ ។”
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា៖ “នៅភូមិស្វាយមាស ជាពិសេសនៅក្បែរៗសាលាបឋមនេះ លោកសង្កេតឃើញបងប្អូនប្រជាជនមួយចំនួន មានកម្រិតជីវភាពលំបាកខ្វះខាត តែពួកគាត់ខិតខំអស់លទ្ធភាពដើម្បីអាចបញ្ចូនកូនៗឲ្យមករៀនបានគ្រប់គ្នា ដូច្នេះហើយ អត្រាសិស្សបានចូលរៀន កើនដល់ទៅ ១០០% ឯណោះ។”
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលមានទឹកចិត្តសប្បុរស ចូលរួមធនធានថវិកា និងសម្ភារៈសិក្សា ដល់ក្រុមការងារមូលនិធិអប់រំកុមារ។ បើគ្មាន ការចូលរួមពីសំណាក់សប្បុរសជននាពេលកន្លងមកទេ សកម្មភាពសប្បុរសធម៌ដ៏ធំនេះ នឹងមិនអាចកើតឡើងបានឡើយ។
លោកបានបន្តទៀតថា គោលដៅរបស់មូលនិធិអប់រំកុមារ គឺជំរុញលើកទឹកចិត្តមិនឲ្យក្មេងៗបោះបង់ ការសិក្សាតាំងពីថ្នាក់តូចទៅ (ថ្នាក់បឋមសិក្សា) និងជួយដោយផ្ទាល់ចំពោះសិស្សទីទាល់ក្រខ្វះលទ្ធភាពចូលរៀន ។
ជាតំណាងសិស្ស និងជានាយកសាលាបឋមសិក្សា ស្វាយមាស លោក ហោង ហាក់ បានថ្លែងអំណរគុណដល់ «មូលនិធិអប់រំកុមារ» ដែលបានមកចុះជួយឧបត្តម្ភ កុមារខ្វះខាតសម្ភារៈសិក្សាដើម្បីមានអនាគតល្អប្រសើរ។ មិនត្រឹមតែជាកិច្ចការសប្បុរសធម៌ប៉ុណ្ណោះ សកម្មភាពនេះពិតជាបានរួមចំណែកយ៉ាង ច្រើនសម្បើមជួយសម្រួលជីវភាពអាណាព្យាបាលរបស់ក្មេងៗ បានថែមមួយកម្រិតផងដែរ។
គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការ សិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។ បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះ លទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕