ឧកញ៉ា លាង ពៅ (ភីធើរ) ទម្លាយប្រាប់មូលហេតុឧកញ៉ា សិរីមន្ដ មិនចាប់ដៃជាមួយលោកពេលកំពុងសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័ន

ជុំវិញ​ឧកញ៉ា

ក្រោយបានអានសំណេររាប់រយរាប់ពាន់នៅលើបណ្ដាញសង្គមក្នុងន័យអវិជ្ជមានមកកាន់ឧកញ៉ា ខេមរៈ សិរីមន្ដ ពេលនេះលោកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបរឿងរ៉ាវនៅពីក្រោយ និងទម្លាយប្រាប់មូលហេតុឧកញ៉ា សិរីមន្ដ មិនចាប់ដៃជាមួយលោកពេលកំពុងសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័ននៅមុខប្រាសាទអង្គរវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លាង ពៅ(ភីធើរ) បានសរសេរដោយផ្ទាល់សារភាពថា៖ “តាមពិតគាត់ (ឧកញ៉ា ខេមរៈ សិរីមន្ដ ) ជាមនុស្សគួរឲ្យគោរពណាស់។ វាជាកំហុសរបស់ខ្ញុំដែលព្យាយាមចាប់ដៃជាមួយគាត់ខណៈពេលដែលគាត់កំពុងសម្ដែងធ្វើជាព្រះមហាក្សត្រ។ ដូច្នេះការដែលព្យាយាមចាប់ដៃ គឺជាកំហុស ហើយគាត់បានធ្វើត្រូវហើយ។ ព្រះមហាក្សត្រមិនអាចចាប់ដៃយើងបានទេ ហើយថែមទាំងមិនអាចគោរព តបមកយើងវិញ ដោយការ សំពះ បានទេ។ គាត់ជាមនុស្សល្អណាស់ គាត់ហើយបានរួមចំណែក ទាំងពេលវេលា និងការសម្តែងរបស់គាត់សម្រាប់ព្រឹត្តិការណ៍ Gumball 3000 ដោយមិនគិតប្រាក់ពីពួកយើង។ ខ្ញុំពិតជាសង្ឃឹមថាការបំភ្លឺរបស់ខ្ញុំពិតជាអាចជួយគាត់បាន ហើយតាមពិតគាត់ពិតជាគ្មានកំហុសទេ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា សិរីមន្ត។”

លោកបានបន្ថែមទៀតថា៖ “បន្ទាប់ពីគាត់បានបំពេញតួនាទីសម្ដែងជាព្រះមហាក្សត្ររួចរាល់ គាត់ក៏បានផ្លាស់ប្តូរឯកសណ្ឋានជាព្រះមហាក្សត្រយ៉ាងរហ័ស។ បន្ទាប់មក គាត់បានមករកខ្ញុំ ហើយបានផ្តល់ការគោរពយ៉ាងខ្លាំងចំពោះខ្ញុំ ព្រមទាំង សំពះខ្ញុំវិញ ហើយគាត់បាននិយាយមកកាន់ខ្ញុំថា “ខ្ញុំពិតជាសុំទោស បងឧកញ៉ា ពីធើរប្រសិនបើខ្ញុំបានធ្វើអ្វីខុស”។ ខ្ញុំបានប្រាប់គាត់ អ្នកធ្វើបានល្អណាស់ ហើយបានផ្សព្វផ្សាយវប្បធម៌របស់យើង និងប្រវត្តិសាស្រ្តដ៏មានតម្លៃបំផុត ទៅកាន់ ប្រតិភូ Gumball និងពិភពលោក” ។ តាមពិតទៅ វាជាកំហុសរបស់ខ្ញុំដែលចាប់ដៃអ្នក។ ខ្ញុំថែមទាំងបាននិយាយថា អ្នកគឺល្អបំផុត។ ជាថ្មីម្តងទៀត ខ្ញុំពិតជាអរគុណ ឧកញ៉ា សិរីមន្ត ខ្លាំងណាស់ សម្រាប់ទឹកចិត្តដ៏ល្អរបស់អ្នក និងការរួមចំណែកជួយ Gumball 3000 ក្នុងនាមជាអ្នកស្ម័គ្រចិត្តថែមផង។

គួររំឮកដែរថា ឧកញ៉ា ខេមរៈ សិរីមន្ដ បានស្ម័គ្រចិត្តសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័ននៅមុខប្រាសាទអង្គរវត្ត ដោយគ្មានស្បែកជើងយាងមកទតប្រជានុរាស្តក្នុងពេលមេឃកំពុងតែបញ្ចេញកម្ដៅខ្លាំងសឹងតែទ្រាំមិនបាន។ យ៉ាងណាមិញ លោកបានបំពេញតួនាទីបានយ៉ាងល្អដែលធ្វើឲ្យមហាជនខ្មែរទូទៅនិងប្រតិភូ Gumball 3000 ស្ងើចសរសើរទឹកចិត្តនិងបានសុំថតរូបទុកជាអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំមិនអាចបំភ្លេចបាន។

សូមទស្សនាវីដេអូការគ្រងឈុតព្រះបាទជ័យវរ្ម័នទី៧ របស់ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅមុខអង្គរវត្ត៖