គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ បានសម្រេចជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Fumio Kishida។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
នៅក្នុងការបោះឆ្នោតទល់មុខគ្នា ក្នុងចំណោមបេក្ខភាពចំនួន ៨រូបផ្សេងទៀត អ្នកនយោបាយជើងចាស់រូបនេះ បានយកឈ្នះលើសំឡេងគាំទ្រភាគច្រើន ជាពិសេសលើលោកស្រី Sanae Takaichi ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពស្ត្រីដ៏លេចធ្លោ និងដ៏កម្រនៅក្នុងនយោបាយប្រទេសជប៉ុន។
គួរឲ្យដឹងថាការបោះឆ្នោតជ្រើសតាំងថ្មីនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងខែសីហាថាលោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញទេ បន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)។
ជម្រាបជូនថា LDP ជាបក្សកាន់អំណាចស្ទើតែគ្រប់អាណត្តិនៅក្នុងប្រទេសជប៉ុន និងមានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះហើយទើបមេដឹកនាំគណបក្ស LDP ដែលជាប់ឆ្នោត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីដោយស្វ័យប្រវត្តិ៕