ផ្អែកតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Takaya Awata គឺជាអ្នករកស៊ីក្នុងវិស័យម្ហូបអាហារ ហើយត្រូវបានចាត់ទុកថាជាមហាសេដ្ឋីមានជាងគេបំផុតទាំង ៥០រូបនៅក្នុងប្រទេសជប៉ុន។ បុរសរូបនេះផ្តើមអាជីពដំបូងមានវ័យត្រឹម ២៣ឆ្នាំដោយមានឆន្ទៈខ្ពស់ សុខចិត្តឈប់រៀនទាំកណ្តាលទីនៅសាកលវិទ្យាល័យ Kobe City University of Foreign Studies និងហ៊ានយកប្រាក់ខំសន្សំរាប់ឆ្នាំទៅបើកភោជនីយដ្ឋានតូចមួយនៅ Kakogawa ជាទីក្រុងនៅក្បែរឆ្នេរសមុទ្រ Seto Inland Sea របស់ប្រទេសជប៉ុន ដោយបានដាក់ឈ្មោះហាងដំបូងនោះថា Toridoll Sanban-kan ។
ការខិតខំប្រឹងប្រែង ដួលផងតស៊ូផង រយៈពេលបួនទសវត្សក្រោយមក លោកប្រែក្លាយពីហាងតូចមួយទៅជាក្រុមហ៊ុនដ៏ធំ Toridoll Holdings មានបណ្តាញសាខាភោជនីយដ្ឋានជិត ២ ០០០កន្លែងនៅទូទាំង ២៨ប្រទេសរាប់ចាប់តាំងពីកម្ពុជា ជប៉ុន ចិន សិង្ហបុរី អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ចំពោះសាខាទាំងនោះគឺមានយីហោឈ្មោះ Marugame Seimen ដែលជាខ្សែសង្វាក់ហាងគុយទាវ Udon ដ៏ធំបំផុតរបស់ប្រទេសជប៉ុន ពោលធំទាំងប្រាក់ចំណូល និងធំទាំងចំនួនហាង ខណៈភាពជោគជ័យទាំងនេះហើយ បានធ្វើឲ្យសហគ្រិនវ័យ ៦២ឆ្នាំរូបនេះក្លាយជាមហាសេដ្ឋី និងសម្រេចបានយ៉ាងជោគជ័យនៃមហិច្ឆតារបស់ខ្លួន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Toridoll Holdings បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាចំនួន ២៣២ពាន់លានយ៉េននៅក្នុងឆ្នាំសារពើពន្ធចុងក្រោយបំផុត ដែលទើបតែបានបញ្ចប់នាខែមីនា ស្របពេលប្រាក់ចំណេញសុទ្ធបានកើនឡើង៤៨% ដល់ចំនួន ៥,៧ពាន់លានយ៉េន។ ដោយឡែក ម្ចាស់ក្រុមហ៊ុន Toridoll Holdings លោក Takaya Awata វិញបានក្លាយជាមហាសេដ្ឋីកាលពីឆ្នាំមុន និងកំពុងស្ថិតនៅក្នុងចំណោមមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសជប៉ុនទាំង៥០រូប ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១,១ពាន់លានដុល្លារនាពេលថ្មីៗ៕