ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ បើចង់ធ្វើអ្វីមួយឱ្យមានប្រយោជន៍ រឹងមាំយូរអង្វែង ត្រូវចាត់ទុកអាជីព ឬការងារដែលកំពុងធ្វើជាជីវិត

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត យល់ឃើញថា មនុស្សម្នាក់អាចជោគជ័យទៅបាន ចង់ធ្វើអ្វីដែលមានប្រយោជន៍ រឹងមាំយូរអង្វែង គឺត្រូវចាត់ទុកអាជីព ឬការងារដែលកំពុងធ្វើជាជីវិត ហើយប្រសិនបើចាត់ទុកបែបនេះ យើងនឹងតស៊ូដល់ទីបញ្ចប់ទោះជាមានបញ្ហា ឬឧបសគ្គអ្វីក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយល់ឃើញរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងទៅ។ នៅក្នុងបទសម្ភាសន៍នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា លើលោកនេះគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ ហើយគ្មាននរណាពូកែជាងនរណាគេនោះទេ ហើយអ្នកដែលហ៊ានធ្វើ ហ៊ានជម្នះរាល់ឧបសគ្គ គាត់នឹងសម្រេចបានផលដូចអ្វីដែលគាត់កំពុងធ្វើ។

ជាមួយនឹងការយល់ឃើញខាងលើ ឧកញ៉ាបណ្ឌិត បានចែករំលែកបទពិសោធន៍ជីវិតក្នុងដំណើរបោះជំហានដំបូងក្នុងការធ្វើអាជីវកម្មយ៉ាងដូច្នេះថា តាំងពីដើមរហូតមកដល់ពេលនេះជាក្ដីបំណងរបស់ឧកញ៉ាផ្ទាល់ គឺចង់ក្លាយជាមនុស្សម្នាក់ដែលមានមុខ មានមាត់នៅក្នុងសង្គម ហើយដើម្បីសម្រេចក្ដីស្រមៃនេះបានទាល់តែយើងប្រឹង កុំខ្ជិល។

អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត រូបនេះបានពន្យល់ថា កាលពីដើមលោកជាកូនអ្នកស្រែ អ្នកចម្ការទេ ដោយមានបំណងធ្វើជាអ្នករកស៊ី លោកបានខិតខំប្រឹងប្រែង ប្រជែងជាមួយពេលវេលា ធ្វើការគ្មានថ្ងៃសៅរ៍ អាទិត្យ មិនឈប់សម្រាកនៅថ្ងៃមានបុណ្យទាន ឱ្យតែលោកនៅហូបបាយ គឺត្រូវតែធ្វើការ មិនអាចឈប់ម្រាកនោះទេ។

ឧកញ៉ាបណ្ឌិតបានបន្ថែមថា នៅក្នុងជីវិតជាអ្នករកស៊ី បញ្ហាដែលលំបាកជាងគេ គឺមិនមានទុនសម្រាប់ធ្វើអាជីវកម្ម ហើយនៅពេលខាត គឺគ្មានលុយបើកប្រាក់ខែឱ្យបុគ្គលិកព្រមទាំងសម្រាប់ផ្គត់ផ្គង់គ្រួសារបាននោះទេ។ ជាដំណោះស្រាយ ឧកញ៉ាបណ្ឌិត ត្រូវខិតខំ តស៊ូ ព្យាយាមជម្នះរាល់ឧបសគ្គ បញ្ហាកាន់តែធំ កាន់តែលំបាក គឺត្រូវតែប្រឹងដោះស្រាយឱ្យបាន ដើម្បីទទួលបានជោគជ័យ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង គូសបញ្ជាក់ថា សម្រាប់លោកមិនខ្លាចការលំបាកនោះទេ ព្រោះថាពេលយើងប្រឹងកាន់តែខ្លាំង យើងជោគជ័យកាន់តែខ្លាំងដែរ។ ឧបសគ្គកាន់តែធំ បញ្ហាកាន់តែច្រើន យើងកាន់តែប្រឹង យើងកាន់តែជោគជ័យ។ គ្មានឧបសគ្គ គ្មានការប្រឹងប្រែង គ្មានការជោគជ័យ។

សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាងគឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត បន្ថែមទៀតនោះឧកញ៉ាបណ្ឌិតក៏ជាប្រធាន KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាងផងដែរ។ បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី និងជាទីតាំងដែលហ៊ុព័ទ្ឋ ទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារសហគមន៍ជាដើម។ បុរីនេះមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពមនោរម្យសម្រាប់អតិថិជន៕